ខេត្តរតនគិរី÷ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ជាប់ពាក់ព័ន្ធករណីឆបោកទ្រព្យសម្បត្តិ
ប្រជាជននៅក្នុងប្រទេសវៀតណាមត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅត្រង់ចំណុចឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា យោងតាមលិខិតបង្គាប់ឲ្យចាប់ខ្លួននិងនាំខ្លួនលេខ០២/PC ៤៥ ចុះថ្ងៃទី១០ខែមិនាឆ្នាំ២០១៥របស់ស្ថាប័នស្រាវជ្រាវស៊ើបអង្កេតនគរបាលខេត្តបារៀវុងតាវនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សមត្ថកិច្ចនគរបាលបានបន្តថា យោងតាមចំណារឯកភាពរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីចុះថ្ងៃទី០៩ខែមករាឆ្នាំ២០១៩លើសំណើរសុំឃាត់ខ្លួនរបស់ស្នងការដ្ឋានគរបាលខេត្តរតនគិរី។
លោកថា នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ អនុវត្តតាមលិខិតយោងខាងលើ បានធ្វើការចុះស្រាវជ្រាវនិងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២នាក់នៅក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ក្នុងនោះដែរ១-ឈ្មោះ ឡេ ថាន់ថាវ ភេទប្រុស ឆ្នាំកំណើត១៩៦៨ស្រុកកំណើតនៅខេត្តហាយើង កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ២៧៣៤៣២៩៩៦។
២-ឈ្មោះ ឡេ ក្វៀតថាំង ភេទប្រុស ឆ្នាំកំណើត១៩៩៧ស្រុកកំណើតនៅខេត្តហាយយើង កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ២៧៣៦២០៧៥៩។
បន្ទាប់ពីជនជាតិវៀតណាមទាំង២នាក់ឪពុកនិងកូនបានរត់គេចខ្លួនចេញពីប្រទេសវៀតណាមលួចឆ្លងដែនចូលមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា ជាប់ពាក់ព័ន្ធក្នុងករណីឆបោកទ្រព្យសម្បត្តិប្រជាជនវៀតណាម នៅក្នុងខេត្តបារៀវុងតាវ នៃប្រទេសវៀតណាម។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានត្រៀមរៀបចំសំណុំរឿងនិងរងចាំចំណារឯកភាពពីថ្នាក់លើដើម្បីប្រគល់ទៅឲ្យភាគីវៀតណាមចាត់ការបន្តទៅតាមនិតិវិធីច្បាប់នៃប្រទេសវៀតណាមផងដែរ៕ យក្ខឡោម




































