ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង​ច្របាច់ករ​ទា​ប្រាក់​ទឹកតែ​ពី​តាម​មន្ទីរ​ជុំវិញ​ខេត្ត​

0

​ ​ ​ខេត្តកំពង់ឆ្នាំង​៖ ​ប្រធាន​មន្ទីរ​ក៍​ដូចជា​ប្រធានការិយាល័យ​គណនេយ្យ​នៅតាម​មន្ទីរ​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​ទំលាយ​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មន្ទីរ​របស់​ពួកគាត់​នៅតែ​ជួប​ការ លំបាក​ក្នុង​ការរត់​ការដក​សាច់​ប្រាក់​បុរេប្រទាន​និង​ប្រាក់​ទូទាត់​ត្រង់​យកមក​ចំណាយ​សំរាប់​ការងារ​ផ្សេងៗ​ដែលជា​ភា​កិច្ច​របស់​មន្ទីរ មូលហេតុ​ដោយ​ដោយសារតែ​លោក​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត កំពង់ឆ្នាំង អ៊ូ ជួប​កុសល និង​មន្ត្រី​មួយចំនួន​ក្នុង​មន្ទីរ​បាននាំគ្នា​ទា​ប្រាក់​ទឹកតែ​ពីលើ​ខ្ទង់​ប្រាក់​របស់ មន្ទីរ​នីមួយៗ​សំរាប់​យកមក​ចំណាយ​នោះ​។​

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា សំរាប់​ប្រាក់​បុរេប្រទាន​និង​ប្រាក់​ទូទាត់​ត្រង់ ក្រៅពី​ប្រាក់ បៀ​វត្ត​ន៍​នៅពេល​រត់​ឯកសារ​សុំ​ដក​សាច់ប្រាក់​នេះ​ម្តងៗ តែងតែ​ត្រូវបាន​លោក​ប្រធាន មន្ទីរ​ហិរញ្ញវត្ថុ​និង​ប្រធានការិយាល័យ​ថវិការ​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​មន្ទីរ​មួយ​នេះ​ទាមទារ​ប្រាក់​ទឹកតែ​អស់​មិនតិចជាង​១០%​នៃ​ទឹកប្រាក់​សរុប​ដែល​ត្រូវ​រត់ការ​ដកយក​មក​ចំណាយ​នានា​។

ប៉ុន្តែ​ក្នុងនោះ​អ្នក​ដែល​ទាមទារ​ប្រាក់​ទឹកតែ​ខ្ពស់​ជាងគេ​គឺ​លោក​ប្រធាន​មន្ទីរ អ៊ូ ជួប​កុសល និង​ប្រធានការិយាល័យ​ថវិការ​តែម្តង​។ ​ដោយមាន​បញ្ហា​បែបនេះ​ធ្វើ​ឲ្យ​មន្ទីរ​ជាច្រើន​នៅមុន​ពេល​រត់​ឯកសារ​សុំ​ដក​សាច់ប្រាក់​គឺ​ត្រូវ​ត្រៀម​ប្រាក់​មួយចំនួន​ដើម្បី​ទុក​បង់ប្រាក់​ទឹកតែ​ជូន​មន្ទីរ​ហិរញ្ញវត្ថុ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រធាន មន្ទីរ​និង​ប្រធានការិយាល័យ​គណនេយ្យ​នៅតាម​មន្ទីរ​ត្រូវ​តេ​ប្រព្រឹត្ត​ខុស​ខ្ទង់​និង​កឹ​ប​កេង​ប្រាក់​មួយចំនួន​សំរាប់​ការចំណាយ​ដើម្បី​បង់ប្រាក់​ទឹកតែ​ជូន​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​និង​មន្ត្រី​មួយចំនួន​នៅក្នុង​មន្ទីរ​នេះ​។​

​ប្រភព​ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា ខណៈពេល​រាជរដ្ឋាភិបាល​បានធ្វើ​កំណែ​ទំរង់​ស៊ីជម្រៅ លុបបំបាត់​អំពើពុករលួយ​គឺ​មន្ទីរ​នានា​ក្នុង​ខេត្ត​មាន​សេចក្តី​ត្រេ​អរ​និង​គាំទ្រ​លើ​គោលនយោបាយ​នេះ​។ ផ្ទុយទៅវិញ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង​ពុំបាន​ធ្វើ​កំណែ​ទំរង់​តាម​ទេ​គឺ​គេ​នៅតែ​ប្រព្រឹត្ត អំពើពុករលួយ​ទាមទារ​ប្រាក់​ទឹកតែ​ពី​តាម​មន្ទីរ​ជុំវិញ​ខេត្ត​ដដែល ចំពោះ​មន្ទីរ​ណា​ដែលមាន​ការ តវ៉ា​គឺ​តែងតែមាន​ជួប​ការលំបាក​ក្នុង​ការរត់​ឯកសារ​សុំ​ដក​សាច់ប្រាក់ ហើយ​ចុងបញ្ចប់​គឺ​ជៀស មិន​ផុតពី​ការបង់ប្រាក់​ទឹកតែ​ដដែល​។ ​ដោយមាន​ករណីបែបនេះ​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​ជាច្រើន​នៅក្នុង​ខេត្ត​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួ​បើក​ការស៊ើបអង្កេត​ណ៍​លើ​ករណីនេះ​ដើម្បី​ជាការ​ប្រមាន​មន្ត្រី​មន្ទីរ​ហិរញ្ញវត្ថុ​នៅតាម​ខេត្ត​ដទៃទៀត​។​