ខេត្តកំពង់ស្ពឺ ៖ មន្ទីរផែនការខេត្តកំពង់ស្ពឺដែលមានលោក ឈឹម សំអាត ជាប្រធានមន្ទីរដុះស្លែរនោះ ត្រូវបានមន្ត្រីក្រោមឪវាទមួយចំនួនបង្ហើបឲ្យដឹងថា នៅក្នុងមន្ទីរ មួយនេះបច្ចុប្បន្នកំពុងតែកើតឡើងនូវការដឹកនាំតាមបែបគ្រួសារនិងបក្ខពួកនិយមជាពិសេសគឺអំពើពុករលួយដែលទាមទារឲ្យក្រសួងផែនការនិងអង្គភាពប្រឆាំង អំពើពុករលួយចុះស្រាវជ្រាវ ឲ្យបានស៊ីជម្រៅដើម្បីនាំជនប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសតាមច្បាប់។ តាមប្រភពបានឲ្យដឹងថាករណីអំពើពុករលួយដែលប្រព្រឹត្តឡើងដោយលោក ឈឹម សំអាត និងបក្ខពួក២-៣នាក់ផ្សេងទៀតបានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងកក្រើកមន្ទីរផែន ការខេត្តកំពង់ស្ពឺជាក់ស្តែងនៅឆ្នាំ២០១៣កន្លងទៅគឺពួកគេបានលេបត្របាក់ប្រាក់ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស(បេសកម្ម) ប្រាក់មន្ត្រីមានជម្ងឺ និងឧបត្ថម្ភអ្នកសម្រាលកូន ប្រេងឥន្ធនៈ ប្រាក់ចំណាយផ្គត់ផ្គង់សម្ភារៈរដ្ឋបាល ប្រាក់ជួសជុលអាគារ ប្រាក់ធ្វើផ្លូវបេតុងចូលមន្ទីរ ប្រាក់សម្ភារៈ និងបរិក្ខារួមនិងប្រាក់ទិញសង្ហារឹមជាដើម។
អំពើពុករលួយដែលលោក ឈឹម សំអាត និងលោក យ៉ែម ឆន អនុប្រធានមន្ទីរអតីត ជាប្រធានការិយាល័យរដ្ឋបាលនិងគណនេយ្យ រួមនិងបក្ខពួកបានកឹបកេងទាំងនោះគឺប្រាក់ សម្រាប់ជួសជុលអាគារនៅឆ្នាំ២០១៣ដែលមានចំនួន ១៨៧លាន២សែនរៀល ប៉ុន្តែប្រាក់នេះ ត្រូវបានគេចំណាយក្នុងការដាក់ពិដាននិងលាបថ្នាំតួអាគារមន្ទីរអស់មិនលើសពី៤០លានរៀលនោះទេ។ ដូច្នេះឃើញថាទឹកប្រាក់ជា១៤០លានរៀលទៀតត្រូវបានពួកគេឃុបឃិតគ្នាកឹបកេង។
ប្រាក់ចំណាយសោហ៊ុយទូទាត់ក្នុងប្រទេស(បេសកម្ម)មានចំនួន ២៩,៣៥៤,០០០រៀល ប៉ុន្តែសភាពជាក់ស្តែងមន្ត្រីដែលចុះ បេសកម្មមួយចំនួនតូចបានទទួលប្រាក់នេះបន្តិចបន្តួច ចំណែកមួយចំនួនធំទៀតគឺមិនត្រូវបានគេបើកប្រាក់នេះឲ្យទេ ដោយមានបញ្ហាបែបនេះធ្វើឲ្យមន្ត្រី ជាច្រើនដែលបានចុះបេសកម្មទៅមូលដ្ឋានឬទៅសិក្ខាសាលានៅទីកន្លែងផ្សែងៗមានពេលខ្លះយកលិខិតបញ្ជាក់បេសកម្ម មកជូនមន្ទីរខ្លះ និងបោះចោលខ្លះ ព្រោះថាយកលិខិតបញ្ជាក់ នោះមកគ្រប់ចំនួនក៍គេមិនបើកប្រាក់បេសកម្មនោះឲ្យដែរគឺគេស៊ីដាច់។
ចំណែកប្រាក់មន្ត្រី មានជម្ងឺនិងឧបត្ថម្ភអ្នកសម្រាលកូននៅឆ្នាំ២០១៣ មានចំនួន ១៨,៨៤៩,០០០រៀល ប្រាក់នេះត្រូវ បានគេស៊ីដាច់ស្ទើរទាំងស្រុង ប៉ុន្តែជាក់ស្តែងមន្ត្រីដែលមានជម្ងឺពិតប្រាកដដែលទទួលបានការ ឧបត្ថម្ភគឺមិនលើសពី៤នាក់ក្នុងចំណោមមន្ត្រីជាង៣០នាក់នៅក្នុងមន្ទីរ ហើយអ្នកដែលទទួលបាន ការឧបត្ថម្ភនោះមានចំនួនយ៉ាងច្រើន៤០ម៉ឺនរៀលក្នុងមួយនាក់។ សម្រាប់ប្រេងឥន្ធនៈ និងប្រេងរំអិលឆ្នាំ២០១៣ មន្ទីរបានចំណាយប្រាក់អស់ ៣៦,៣៦០,២០០ រៀល ប៉ុន្តែរបបប្រេងនេះ គឺត្រូវបានគេស៊ីដាច់យ៉ាងតិច៧០% ព្រោះថានៅពេលមន្ត្រីចុះបេសកម្មម្តងៗគេផ្តល់ឲ្យពី៥លីត្រ ទៅ១០លីត្រ ពេលខ្លះគេមិនឲ្យទៀតផង។
សម្រាប់ការទិញសង្ហារឹមនៅឆ្នាំ២០១៣ គឺគេបាន ចំណាយអស់ទឹកប្រាក់ចំនួន៣៣,៨៩២,០០០ រៀល ប៉ុន្តែធាតុពិតគេមិនបានទិញវានោះទេ សង្ហារឹមដែលទទួលបានគឺក្រសួងជាអ្នកឧបត្ថម្ភទៅវិញ មិនមែនជាថវិការរបស់មន្ទីរទេ ហើយ ថវិការរបស់មន្ទីរត្រូវបានគេស៊ីដាច់។ សម្រាប់សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលនៅឆ្នាំ២០១៣ បានចំណាយអស់ទឹកប្រាក់ចំនួន ៤៣,៧៤៣,៥០០ រៀល ប៉ុន្តែមន្ទីរមួយនេះសូម្បីតែក្រដាស់ ប៊ិច សៀវភៅ ក៍ពុំសូវមានសម្រាប់ចែកជូនមន្ត្រីនោះដែរ មន្ត្រីខ្លះត្រូវចំណាយប្រាក់ទិញខ្លួនឯង។
សូមបញ្ជាក់ថានៅមន្ទីរផែនការខេត្តកំពង់ស្ពឺនៅឆ្នាំ២០១៣ បានចំណាយថវិការសរុប អស់ចំនួន ៦៨៦,៤៤០,៩៦០រៀល ដោយក្នុងនោះចំណាយនៅក្នុងជំពូក៦០ អស់ចំនួន ២២១,៣៧៤,០២០រៀល ចំណាយលើចំពូក៦១ អស់ចំនួន ២០៩,៤០០,០០០រៀល ចំណាយលើជំពូក៦២ អស់ចំនួន៤០,៣៧០,៨០០រៀល ចំណាយលើជំពូក៦៤ អស់ចំនួន ២១៥,២៩៦,១៤០រៀល។បើនិយាយអំពីការចំណាយប្រាក់ប្រកបដោយអំពើពុករលួយនៅក្នុងមន្ទីរផែនការជាច្រើនឆ្នាំមកនេះគឺមានចំនួនច្រើនឥតគណនាចាំតាមដាននៅវគ្គក្រោយ។
ដោយពេលនេះសុំនិយាយអំពីការ ដឹកនាំរបស់លោកប្រធានមន្ទីរ ឈឹម សំអាត ដែលពោពេញដោយ គ្រួសារនិងបក្ខពួកនិយមនៅ ក្នុងមន្ទីរនេះម្តង។ ជារៀងរាល់ឆ្នាំនៅតាម មន្ទីរអង្គភាពនានា គេតែងតែធ្វើសន្និបាទប្រជុំបូក សរុបការងារគ្រប់ផ្នែកនិងរាយការណ៍ស្តីពីការចំណាយរបស់មន្ទីរ អង្គភាពជូនដល់មន្ត្រីខ្លួន ប៉ុន្តែសម្រាប់មន្ទីរផែនការការងារចំណាយ មិនត្រូវបាន គេលាតត្រដាងទេ។ ហើយការត្រួតពិនិត្យការចំណាយមន្ត្រីថ្នាក់ ក្រោមដែលមាន ភារកិច្ចត្រួតពិនិត្យមិនត្រូវគេឲ្យដឹងនោះទេ។
ឯកសារចំណាយត្រូវបានគេលាក់មិនឲ្យមន្ត្រីផ្សេងៗ ដឹងទេ។ រយៈពេលថ្មីៗនេះលោកប្រធានមន្ទីរ ឈឹម សំអាត បានយកកូនប្រសាប្រុសឈ្មោះ ហាក់ ចិត្រា ដែលជាមន្ត្រីទើបនឹងចប់កម្មសិក្សាក្លាយជាមន្ត្រីពេញសិទ្ធិមកបំរើការងារការិយាល័យ រដ្ឋបាល និងគណនេយ្យ និងធ្វើជាបេឡា។ បន្ថែមលើនោះ ទៀតលោក ឈឹម សំអាត បានយកកូនស្រីឈ្មោះ ឈឹម ស្រីទូច មកនៅការិយាល័យរដ្ឋបាល និងគណនេយ្យ និងធ្វើជាបេឡារងផងដែរ។ លើសពីនោះទៀតលោក ឈឹម សំអាត កំពង់រៀបចំតែងតាំង កូនប្រសាររបស់លោកឈ្មោះ ហាក់ ចិត្រា ឲ្យធ្វើជាប្រធានការិយាល័យរដ្ឋបាលនិងគណនេយ្យ ដើម្បីមានឪកាសឡើងធ្វើជាប្រធានមន្ទីរនៅថ្ងៃខាងមុខ។
ចាប់តាំងពីលោក ឈឹម សំអាត បានតែងតាំងកូនប្រសា និងកូនស្រីមកកាន់ការងារនៅក្នុងមន្ទីរជាបេឡា បេឡារង ការងារស្ទើរ ទាំងអស់ជាពិសេសគឺការងារលុយកាក់ ត្រូវាបានលោក ឈឹម សំអាត ប្រគលជូនពួកគេជាអ្នក កាន់កាប់ និងមានសិទ្ធិធំក្នុងការសម្រេច។ ចំណែកអនុប្រធានមន្ទីរចំនួន៥នាក់ គឺមានតែលោក អនុប្រធាន យ៉ែម ឆន និងលោកអនុប្រធាន សំ លាស់ ត្រូវបានគេផ្តល់ផល់ប្រយោជន៍ខ្លះៗ។ ចំណែកអនុប្រធានមន្ទីរមួយចំនួនទៀតខ្លះចាប់ចាប និងខ្លះចាបខ្យល់ អនុប្រធានមន្ទីរខ្លះ គេឲ្យកាហ្វេនិងតែជ្រក់ ផឹកកុំឲ្យស្ងួតបំពង់ករខ្លាចខ្យល់គរស្លាប់។
ចំពោះទឹកប្រាក់ធំៗគឺបានទៅ លើលោកប្រធានមន្ទីរនិងកូនរួមនិងលោកអនុប្រធានមន្ទីរលោក យ៉ែម ឆន តែប៉ុណ្ណោះ។ សម្រាប់ពេលនេះលោក ឈឹម សំអាត នៅមានវាសនាធ្វើជាប្រធានមន្ទីរបានចំនួន១១ខែទៀត នឹងត្រូវចូលនិវត្តន៍ ខណៈពេលការចូលនិវត្តន៍ជិតមកដល់នោះរូបគាត់បានប្រឹងប្រែងលើកស្ទួយ កូនប្រសារប្រុសឈ្មោះ ហាក់ ចិត្រា និងកូនស្រី ឈឹម ស្រីទូច ឲ្យកាន់តំណែងសំខាន់ៗនៅក្នុង មន្ទីរ។ មន្ត្រីជាច្រើននៅក្នុងមន្ទីរផែនការបានអំពាវនាវសូមឲ្យលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ ឆាយ ថន និងលោកទេសរដ្ឋមន្ត្រី ឪម យិនទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួចាត់វិធានការស្រាវជ្រាវករណីអំពើពុករលួយនៅក្នុងមន្ទីរមួយនេះឲ្យបានស៊ីជម្រៅ និងជួបមន្ត្រី នីមួយៗជាសម្ងាត់ ហើយផ្ទៀងផ្ទាត់ហត្ថលេខាមន្ត្រីនីមួយៗឲ្យបានច្បាស់នោះនឹងរកឃើញ អំពើពុករលួយនោះជាមិនខាន។ ដើម្បីជាការប្រមានដល់មន្ត្រីដែលមានអាយុជិតដល់ពេលចូល និវត្តន៍កុំឲ្យហានប្រព្រឹត្តអំពើពុករលួយតទៅទៀត គឺត្រុវចាត់វិធានការឲ្យបានម៊ឹងមាត់ចំពោះ ករណីនេះ។ ព្រោះកន្លងមកគេធ្លាប់ឃើញមន្ត្រីដែលមានអាយុជិតដល់ចូលនិវត្តន៍គឺច្រើន តែប្រព្រឹត្តអំពើពុករលួយមិនខ្លាចបាត់បង់តំណែង ដោយសម្អាងថាខ្លួនជិតចូលនិវត្តន៍ដឹកនាំ ការងារក៍មិនបានយូរដដែលគឺប្រឹងប្រមូលប្រាក់ដោយមិនខ្លាចច្បាប់៕