ខេត្តកំពង់ស្ពឺ៖ ក្រោយពីរបណ្តាញព័ត៌មានជាច្រើនបានធ្វើការលាតត្រដាងអំពីរឿងអាស្រូវពុករលួយ របស់លោក ឈឹម សំអាត ប្រធានមន្ទីរផែនការខេត្តកំពង់ស្ពឺ រួមនិងអនុប្រធានមន្ទីរឈ្មោះ យ៉ែម ឆន រួមនិងបក្ខពួកមួយចំនួនតូចនោះ បានធ្វើឲ្យលោកប្រធានមន្ទីរមួយនោះខឹងឆេះដុំនិងស្វែងរកមុខអ្នកទំលាយអាថ៌កំបាំងរបស់ខ្លួននិងបក្ខពួកឲ្យការសែតចុះផ្សាយ ប៉ុន្តែលោកប្រធានមន្ទីរមួយនេះក៍មានការភិតភ័យលើរឿងអាស្រូវរបស់ខ្លួនផងដែរ។
សម្រាប់មន្ត្រីជាច្រើននៅក្នុងមន្ទីរផែនការខេត្តកំពង់ស្ពឺ ក្រោយពេលការសែតចុះផ្សាយរឿងអាស្រូវពុករលួយរបស់ប្រធានមន្ទីរខ្លួននោះ ពួកគាត់បានសម្តែងនៅការគាំទ្រ ថាការចុះផ្សាយនោះពិតជាត្រឹមត្រូវ ហើយសុំឲ្យការសែតជួយចុះផ្សាយរឿងនេះបន្ថែមទៀត។ ព្រោះថាចំនុចខ្លះដែលការសែតបានចុះផ្សាយគឺមិនសូវដោយនិយាយខ្លីៗលើចំនុចមួយចំនួនដែលអាចធ្វើឲ្យលោកប្រធានមន្ទីរនិងបក្ខពួកប្រឌិតរឿងចំណាយផ្សេងៗមកបិទបាំងការពិតនៅពេលមានការស៊ើបអង្កេតណ៍ពីស្ថាប័នថ្នាក់ជាតិនោះ។
ប្រភពដដែលបានបញ្ជាក់ថាចំណុចសំខាន់ដែលងាយស្រួលក្នុងការស្រាវជ្រាវរកកំហុសពុករលួយរបស់ប្រធានមន្ទីរនិងបក្ខពួកមាន២ចំណុចទី១ៈទៅលើការចំណាយប្រាក់បុរេប្រទាន ចំណុចទី២ៈគឺប្រាក់ទូទាត់ត្រង់លើកលែងតែប្រាក់បៀវត្តន៍មន្ត្រីរាជការចេញដែលពុំមានបញ្ហា ក្រៅពីនោះការចំណាយទាំងអស់សុទ្ធតែមានបញ្ហាដែលត្រូវស៊ើបអ្កេតណ៍។ ចំណែកការចំណាយទិញដូរនិងការផ្គតផ្គង់និងសម្ភារៈនិងអាគារសំណង់ ដោយចំណាយតាមបែបលទ្ធកម្មនោះក៍វាមានភាពមិនប្រក្រតីដែរ ប៉ុន្តែវាពាក់ព័ន្ធនិងមន្ត្រីសំខាន់ៗក្នុងខេត្តច្រើនជាពិសេសលោកអតីតអភិបាលរងខេត្ត សត្យា វុធ និងលោកអភិបាលរងខេត្ត ប៉ែន សំបូរណ៍ ។ អំពើពុករលួយរបស់លោក ឈឹម សំអាត និងបក្ខពួកដែលប្រព្រឹត្តកន្លងទៅ គឺការកឹបកេងប្រាក់ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស(បេសកម្ម)ជាក់នៅឆ្នាំ២០១៣ប្រាក់នេះគឺមានចំនួន២៩,៣៥៤,០០០រៀល ប៉ុន្តែមន្ត្រីដែលទទួលបានប្រាក់បេសកម្មនេះពិតប្រាកដគឺមានចំនួនតិចតួចបំផុត។
ចំប្រាក់បេសកម្មដែលមន្ត្រីទទួលគឺប្រាក់គម្រោងនិងប្រាក់របស់សាលាខេត្តទៅវិញ។ ចំណែកប្រាក់មន្ត្រីមានជម្ងឺនៅឆ្នាំ២០១៣នោះគឺមានចំនួន១៨,៨៤៩,០០០រៀល ប៉ុន្តែប្រាក់នេះ មន្ត្រីរាជការដែលមានជម្ងឺមិនប្រាកដដែលទទួលបានការឧបត្ថម្ភក្នុងម្នាក់យ៉ាងច្រើន៤០ម៉ឺនរៀល ហើយអ្នកដែលទទួលបានមិនលើសពី៤នាក់នោះទេ។ បើនិយាយអំពីប្រេងឥន្ធនៈវិញនៅឆ្នាំ២០១៣មន្ទីរផែនការបានចំណាយអស់ថវិការ៣៦,៣៦០,២០០រៀល ប៉ុន្តែមន្ត្រីដែលមានតួនាទីសំខាន់ៗមិនមែនជាបក្ខពួករបស់គេគឺគេឧបត្ថម្ភក្នុងមួយឆ្នាំចំនួន៣ខែក្នុងមួយខែៗបានចំនួន១៥លីត្រ។
សម្រាប់ពេលចេញបេសកម្មយូៗម្តងគឺពេលខ្លះគេផ្តល់ឲ្យ៥លីត្រឬ១០លីត្រ ហើយពេលខ្លះក៍គេមិនផ្តល់ឲ្យដែរ ការប្រើប្រេងឥន្ធនៈនៅក្នុងមន្ទីរបើបូកសរុបការចំណាយក្នុងមួយឆ្នាំៗគឺសល់មិនតិចជាងពាក់កណ្តាលទេ ប៉ុន្តែប្រេងនេះមិនដឹងថាគេយកទៅណាអស់ទេ។ បញ្ហាទាំនេះគឺសុទ្ធតែជាអះពើពុករលួយដែលស្ថាប័នមានសម្តត្ថកិច្ចជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយអាចវែកមុខនិងចាត់វិធនការតាមផ្លូវច្បាប់លើរូបលោកប្រធានមន្ទីរ ឈឹម សំអាត និងបក្ខពួកបានដោយងាយ។
សូមបញ្ជាក់ថានៅមន្ទីរផែនការខេត្តកំពង់ស្ពឺនៅឆ្នាំ២០១៣ បានចំណាយថវិការសរុប អស់ចំនួន ៦៨៦,៤៤០,៩៦០រៀល ដោយក្នុងនោះចំណាយនៅក្នុងជំពូក៦០ អស់ចំនួន ២២១,៣៧៤,០២០រៀល ក្នុងនោះចំណាយលើប្រេងឥន្ធនៈនិងប្រេងរំអិលអស់ចំនួន៣៦,៣៦០,២០០រៀល ទិញសម្ភារៈផ្នែករដ្ឋបាលអស់ចំនួន៤៣,៧៤៣,៥០០រៀល សម្ភារៈនិងបរិក្ខាអស់ចំនួន៩២,២៩០,០០០រៀល សង្ហារឹមអស់ចំនួន៣៣,៨៩២,០០០រៀល អគ្គីសនីនិងទឹកអស់ចំនួន១៥,០៨៨,៣២០រៀល។ ចំណែកជំពូក៦១ អស់ចំនួន ២០៩,៤០០,០០០រៀល ថែទាំជួសជុលអាគារចំនួន១៨៧,២០០,០០០រៀល ធ្វើផ្លូវបេតុងចូលមន្ទីរអស់ចំនួន២២,២០០,០០០រៀល។ រីឯជំពូក៦២ អស់ចំនួន៤០,៣៧០,៨០០រៀល ក្នុងនោះចំណាយលើផ្នែកទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយអស់ចំនួន១០,០០០,០០០រៀល ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស(បេសកម្ម)អស់ចំនួន២៩,៣៥៤,០០០រៀល សោហ៊ុយទូរគមនាគមន៍អស់ចំនួន១,០១៦,៨០០រៀល។
ចំពោះជំពូក៦៤ អស់ចំនួន ២១៥,២៩៦,១៤០រៀល ក្នុងនោះប្រាក់លាភការ និងប្រាក់បំណាច់បុគ្គលិកក្របខ័ណ្ឌអចិន្ត្រិយ៍អស់ចំនួន១៧៤,៣០៣,៧០០រៀល ប្រាក់លាភការ និងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌនិងបុគ្គលិកអណ្តែតអស់ចំនួន៨២,២៦០,០០០រៀល ប្រាក់វិភាគសង្គមអស់ចំនួន៣២,៧៣២,៤៤០រៀល ប៉ុន្តែប្រាក់ក្នុងជំពូកនេះត្រូវគេកឹបកេងលើប្រាក់មន្ត្រីមានជម្ងឺនិងឧបត្ថម្ភអ្នកសម្រាលកូនរួមនិងប្រាក់ឧបត្ថម្ភនិវត្តជនមួយចំនួនចំណែកប្រាក់ខែមន្ត្រីរាជការគឺពិបាកកឹបកេង ។
បើនិយាយអំពីការចំណាយប្រាក់ប្រកប ដោយអំពើពុករលួយ នៅក្នុងមន្ទីរផែនការជាច្រើនឆ្នាំមកនេះ គឺមានចំនួនច្រើនឥតគណនា ចាំតាមដាននៅវគ្គក្រោយ ។ ដោយពេលនេះសុំនិយាយអំពីការ ដឹកនាំរបស់លោកប្រធានមន្ទីរ ឈឹម សំអាត ដែលពោរពេញដោយ គ្រួសារនិងបក្ខពួកនិយមនៅ ក្នុងមន្ទីរនេះម្តង។ ជារៀងរាល់ឆ្នាំនៅតាម មន្ទីរអង្គភាពនានា គេតែងតែធ្វើសន្និបាតប្រជុំបូក សរុបការងារ គ្រប់ផ្នែកនិងរាយការណ៍ស្តីពីការចំណាយរបស់មន្ទីរ អង្គភាពជូនដល់មន្ត្រីខ្លួន ប៉ុន្តែសម្រាប់មន្ទីរផែនការការងារចំណាយ មិនត្រូវបាន គេលាតត្រដាងទេ។ ហើយការត្រួតពិនិត្យការចំណាយមន្ត្រីថ្នាក់ ក្រោមដែលមាន ភារកិច្ចត្រួតពិនិត្យមិនត្រូវគេឲ្យដឹងនោះទេ។ ឯកសារចំណាយត្រូវបានគេលាក់មិនឲ្យមន្ត្រីផ្សេងៗ ដឹងទេ។
ក្នុងពេលថ្មីៗនេះលោកប្រធានមន្ទីរ ឈឹម សំអាត បានយកកូនប្រសាប្រុសឈ្មោះ ហាក់ ចិត្រា ដែលជាមន្ត្រីទើបនឹងចប់កម្មសិក្សាក្លាយជាមន្ត្រីពេញសិទ្ធិមកបំរើការងារការិយាល័យ រដ្ឋបាល និងគណនេយ្យ និងធ្វើជាបេឡា។ បន្ថែមលើនោះ ទៀតលោក ឈឹម សំអាត បានយកកូនស្រីឈ្មោះ ឈឹម ស្រីទូច មកនៅការិយាល័យរដ្ឋបាល និងគណនេយ្យ និងធ្វើជាបេឡារងផងដែរ។ ជាមួយគ្នានេះដែរ លោក ឈឹម សំអាត កំពុងរៀបចំតែងតាំង កូនប្រសារបស់លោកឈ្មោះ ហាក់ ចិត្រា ឲ្យធ្វើជាប្រធានការិយាល័យរដ្ឋបាលនិងគណនេយ្យ ដើម្បីមានឱកាសឡើងធ្វើជាប្រធានមន្ទីរនៅថ្ងៃខាងមុខ។
ចាប់តាំងពីលោក ឈឹម សំអាត បានតែងតាំងកូនប្រសា និងកូនស្រីមកកាន់ការងារនៅក្នុងមន្ទីរជាបេឡា បេឡារង ការងារស្ទើរ ទាំងអស់ជាពិសេសគឺការងារលុយកាក់ ត្រូវបានលោក ឈឹម សំអាត ប្រគល់ជូនពួកគេជាអ្នក កាន់កាប់ និងមានសិទ្ធិធំក្នុងការសម្រេច។ ចំណែកអនុប្រធានមន្ទីរចំនួន៥នាក់ គឺមានតែលោក អនុប្រធាន យ៉ែម ឆន និងលោកអនុប្រធាន សំ លាស់ ត្រូវបានគេផ្តល់ផល់ប្រយោជន៍ខ្លះៗ។
ចំណែកអនុប្រធានមន្ទីរមួយចំនួនទៀតខ្លះចាប់ចាប និងខ្លះចាបខ្យល់ អនុប្រធានមន្ទីរខ្លះ គេឲ្យកាហ្វេនិងតែជ្រក់ ផឹកកុំឲ្យស្ងួតបំពង់កខ្លាចខ្យល់គរស្លាប់។ ចំពោះទឹកប្រាក់ធំៗគឺបានទៅ លើលោកប្រធានមន្ទីរនិងកូនរួមនិងលោកអនុប្រធានមន្ទីរលោក យ៉ែម ឆន តែប៉ុណ្ណោះ។ សម្រាប់ពេលនេះលោក ឈឹម សំអាត នៅមានវាសនាធ្វើជាប្រធានមន្ទីរបានចំនួន១១ខែទៀត នឹងត្រូវចូលនិវត្តន៍ ខណៈពេលការចូលនិវត្តន៍ជិតមកដល់នោះរូបគាត់បានប្រឹងប្រែងលើកស្ទួយ កូនប្រសាប្រុសឈ្មោះ ហាក់ ចិត្រា និងកូនស្រី ឈឹម ស្រីទូច ឲ្យកាន់តំណែងសំខាន់ៗនៅក្នុង មន្ទីរ។
មន្ត្រីជាច្រើននៅក្នុងមន្ទីរផែនការបានអំពាវនាវសូមឲ្យលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ ឆាយ ថន និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួចាត់វិធានការស្រាវជ្រាវករណីអំពើពុករលួយនៅក្នុងមន្ទីរមួយនេះឲ្យបានស៊ីជម្រៅ និងជួបមន្ត្រី នីមួយៗជាសម្ងាត់ ហើយផ្ទៀងផ្ទាត់ហត្ថលេខាមន្ត្រីនីមួយៗឲ្យបានច្បាស់នោះនឹងរកឃើញ អំពើពុករលួយនោះជាមិនខាន ៕