ខេត្តរតនគិរី÷ នៅរសៀលថ្ងៃច័ន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ម្សិលម៉ិញនេះលោកឌឺម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បាននាំសម្ភារ:អំណោយមនុស្សធម៌សាខា ជូនលោក ឃេន សានិត ប្រធានគណៈកម្មាធិការអនុសាខាស្រុកអណ្តូងមាស ដើម្បីចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន៤គ្រួសារ(៤ខ្នងផ្ទះ) កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ នៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ក្នុងដំណើរសួរសុខនាឪកាសនោះ លោក ឃេន សានិត ប្រធានគណៈកម្មាធិការអនុសាខាស្រុកអណ្តូងមាស បានពាំនាំប្រសាសន៍របស់ លោក ថង សាវុន ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។ ជាមួយគ្នានេះ លោកប្រធានអនុសាខាមានមតិ លើកទឹកចិត្តដល់ជនរងគ្រោះ សូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ និងអំពាវនាវ ដល់ប្រជាជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងចង្កាន ការអុជធូប ទៀន ។ល។ ដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។
អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តដែលបានប្រគល់ជូនក្នុង១គ្រួសារ អង្ករ៣០គីឡូក្រាម កន្ទេល១ មុង១ ភូយ១ សារុង១ ក្រមា១ អាវរងារ ១ អាវយឺត១៥ មី១កេះ ត្រីខ១យួរ ឆ្នាំង២ ចានបាយ១០ ចានសម្ល៥ ស្លាបព្រា១០ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ប៊ីចេង០.៥គីឡូក្រាម អំបិល១គីឡូក្រាម សាប៊ូម្សៅ ១ គីឡូក្រាម និងថវិកា២០ម៉ឺនរៀល ដោយឡែកអំណោយរបស់អនុសាខាស្រុកអណ្តូងមាសក្នុង១គ្រួសារ អង្ករ២៥ គីឡូក្រាម មី១កេះ ឃីត១កញ្ចប់( ម៉ុង ភួយ ក្រម៉ា សារ៉ុង ) ត្រីខ១យួរ ធុងទឹក១ កាធុនជ័រ១ និងថវិកា ៤៥០.០០០រៀលនិងថ្នាំពេទ្យមួយចំនួន ។ ដោយឡែកគ្រួសារ ដែលរងគ្រោះឆេះជញ្ជាំងមួយចំហៀង ក៍ទទួលបានថវិកា៤៥០.០០០រៀលផងដែរ៕ យក្ខឡោម





































