សមត្ថកិច្ចឃាត់ខ្លួនសកម្មជនដីធ្លី២នាក់ ដែលផ្លុំខ្យល់ឲ្យប្រជាពលរដ្ឋ ទៅទន្ទ្រានដីរបស់ក្រុមហ៊ុន ភាពីម៉ិច នៅខេត្តពោធិ៍សាត់

0

(ពោធិ៍សាត់)៖ សមត្ថកិច្ចស្រុកក្រគរ ដោយបានការសម្របសម្រួលពីលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះឃាត់ខ្លួនសកម្មជនដីធ្លី បានចំនួន២នាក់ ពាក់ព័ន្ធនឹងករណីបះបោរ នាំប្រជាពលរដ្ឋចូលទៅចាប់ទន្ទ្រានយកដី របស់ក្រុមហ៊ុន ភាពីម៉ិច។

ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចខាងកើតការដ្ឋានទី២១ ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ ដែលអង្គភាពFresh News ទើបទទួលបាននោះ សកម្មជនដីធ្លីទាំង២នាក់នោះ មានឈ្មោះ ទី១-ទាំ ព្រហ៊ីម ហៅព្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិដង្គៀមក្តាម ឃុំឈើតុំ ស្រុកក្រគរ និងទី២-អៀម វិន អាយុ៤៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ។

របាយការណ៍បន្តថា ក្នុងចំណោមជនសង្ស័យទាំង២នាក់ខាងលើនោះឈ្មោះ ទាំ ព្រហ៊ីម គឺជាអ្នកបំផុសប្រជាពលរដ្ឋ ឲ្យទៅចាប់យកដីក្រុមហ៊ុន និងគំរាមកំហែងមេភូមិ ឲ្យធ្វើប្លង់ដីឲ្យពួកគេ។ ដោយឡែកឈ្មោះ អៀម វិន ខ្លួនបានអះអាងថាមានដីចំនួន ៥ហិកតា ដែលទទួលបានពីឈ្មោះ ដន ម៉ាលីន អតីតបុគ្គលិកក្រុមហ៊ុន ជាអ្នកឲ្យកាលពីរយៈពេល១ឆ្នាំកន្លងមក ទើបរយៈពេល១ខែនេះ ខ្លួនបានទៅបោះតំរុយ នៅលើដីនោះដែលមានស្រាប់ តែត្រូវបានអាជ្ញាធរមូលដ្ឋាន ដែលមានលោកមេប៉ុស្តិ៍ឈើតុំ ហៅទៅធ្វើកិច្ចសន្យា មិនឲ្យបោះតំរុយទេ ពីព្រោះជាដីរបស់ក្រុមហ៊ុន។

នៅក្នុងរបាយការណ៍បានបន្ថែមថា ពួកគេពិតជាបានទៅបោះតំរុយដី ឈូសឆាយ លើដីក្រុមហ៊ុន ដែលបានផ្អាកដាំដុះបណ្តោះអាសន្ន និងបានទៅគំរាមកំហែងមេភូមិជាច្រើនលើក ច្រើនសារ ឲ្យធ្វើប្លង់ដីឲ្យ ក៏ប៉ុន្តែលោកមេភូមិមិនអាចធ្វើបានទេ ព្រោះដីនោះជាដីស្ថិត នៅក្នុងប្លង់ក្រុមហ៊ុន (ដីរដ្ឋ)។ ចំពោះករណីនេះក៏មានឈ្មោះ ព្រាង បូរិន ក៏បន្តែត្រូវបានសមត្ថកិច្ចអះអាងថា មិនមានការពាក់ពន្ធ័ ក្នុងរឿងដីធ្លីនេះទេ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី ទៅតាមបញ្ជារបស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង១៨នាទី៕