ចម្លែកម៉ែន រដូវប្រាំងសោះ បែរ​ជា​ទឹកជំនន់ជន់លិច​ក្យូស​ផ្ទះទឹក នៅរមណីយដ្ឋានកំាពី ពលរដ្ឋនៅសហគមន៍មិនអាចលក់ដូរបាន

0

 ខេត្តក្រចេះ​​ ៖ ក្យូសផ្ទះទឹក នៅតំបន់រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ស្ថិតនៅក្នុង​ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ប្រមាណេជាង៥០០រយ ក្យូសផ្ទះទឹក សម្រាប់ទទួលភ្ញៀវទេសចរណ៍​ក្នុងរដូវប្រាំងធ្លាក់ខ្យល់នេះ ត្រូវបានទឹកជំនន់នារដូវប្រាំង ជន់លិច យ៉ាងគំហុក កាលពីល្ងាចថ្ងៃទី២០ ខែមករានេះ។

ពលរដ្ឋនៅក្នុងសហគមន៍រមនីយដ្ឋានកាំពីលាន់មាត់គ្រប់គ្នាថា​ ប្លែកពិតជាពុំធ្លាប់កើតមាននោះទេ ខណៈ​ដែលរដូវប្រាំងទឹកស្រកចុះ បែរ​ជាមានបាតុភូត​ទឹកជំនន់ទៅវិញនោះ ។

ពួកគាត់បញ្ជាក់ថា ក្យូស​ផ្ទះទឹកទើបបានសង់តាមជួរ​ខ្សែ​ទឹកហូរ​លើថ្មដា ក្នុងរមណីយដ្ឋានកំាពីសម្រាប់ទទួលភ្ញៀវទេស​ចរ មកលេងកម្សាន្តទើបបានប្រមាណជិតមួយខែសោះ ឥឡូវបែរ​​ត្រូវទឹក​ជន់លិច​​អស់ ។ ពលរដ្ឋលើកឡើងថា ទឹកជំនន់ខុសរដូវ មិន​មែនជាបាតុ​ភូត​ធម្ម​ជាតិ​នោះទេ  បណ្តាលមកពីការ​បើកផ្លូវទឹកពីទំនប់វារី​អគ្គិស​នីនៅ​ប៉ែកខាងលើ​នៃដងទន្លេមេគង្គ ទើបធ្វើឲ្យទឹកបានហូរ​ជន់យ៉ាងគំហុកតាមទន្លេប៉ែកខាងក្រោម ។

ការជន់​ឡើង​នូវជំនន់ទន្លេរមេគង្គ នារដូវប្រាំងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅតាម​បណ្តោយដ​ងទន្លេមេ​គង្គ ពួកគាត់ចាត់ទុកថា ជាបម្រែបម្រួលអាកាសធាតុដែលមិនធ្លាប់ជួប ពិសេសបងប្អូនអាជីវករលក់ដូរនៅក្នុងសហគមន៍រមនីយដ្ឋានមួយនេះដែលមានភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តជាហូរហែរ ហើយពួកគាត់អាចលក់ដូរប្រចាំថ្ងៃផងដែរ  ។

មន្ត្រីនៃទេសចរខេត្តក្រចេះ បានអោយដឹងថា ស្ថានភាពទឹកជនន់ គឺបន្តជន់ឡើង ក្នុងអំឡុងរយៈពេល២ថ្ងៃជាប់ៗគ្នា  ពល​រដ្ឋដែលមានរបរលក់នំចំនី ត្រីសាច់ និងជួលរោងក្យូសសម្រាប់ភ្ញៀវ ក្នុងរមណីយដ្ឋានកាំពីក៏​បាន​រុះរើ​រោង​ក្យូសផ្ទះ​ទឹក និង​ជម្លៀសសម្ភារដែលដាក់លក់ក្នុងរមណីយដ្ឋានឡើងមកលើគោកវិញ​ដើម្បីគេច​ពីការលិច​លង់ និងខូចខាត ។ដោយ ម៉េង គាង