យ៉ាងហោចណាស់មនុស្ស១០នាក់ ក្នុងនោះរួមមានកុមារ៥នាក់ផងដែរបានបាត់បង់ជីវិតក្រោយហេតុការណ៍រលំបាក់អគារទ្រុឌទ្រោមចំណាស់ជាង៤០ឆ្នាំ ស្ថិតនៅភាគខាងជើងទីក្រុងញូវដេលីកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤។ មនុស្សជាច្រើនទៀតសង្ស័យថា កំពុងស្ថិតនៅក្រោមគំនរបាក់បែកនៃអគារកម្ពស់៤ជាន់ដែលបានបាក់រលំនេះ។ក្រុមជួយសង្គ្រោះកំពុងមមាញឹកគាស់កកាយជញ្ជាំងថ្មស្វែងរកជនរងគ្រោះ។
នាយប៉ូលិសក្នុងតំបន់ លោក Madhur Verma បានប្រាប់ប្រភពព័ត៌មានថា «មនុស្ស១០នាក់ ក្នុងនោះរួមមានកុមារ៥នាក់ និងស្ត្រី៣នាក់បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួស»។ ការបាក់រលំអគារនៅឥណ្ឌាឧស្សាហ៍កើតមានជាញឹកញាប់ និងចាត់ទុកជារឿងធម្មតាទៅហើយ។ កាលពីដើមឆ្នាំ២០១៤ ហេតុការណ៍បាក់រលំអគារដូចគ្នានេះកើតឡើងនៅភាគខាងលិចរដ្ឋ Goa បណ្តាលឲ្យបាត់បង់ជីវិត១៥នាក់៕