ប្រភពព័ត៌មានពីយោធាទីក្រុងសេអ៊ូលបានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងបានបាញ់មីស៊ីល២គ្រាប់ចូលទៅកាន់ឈូងសមុទ្រភាគខាងកើត ក្រោយរយៈពេល៣ថ្ងៃដែលទីក្រុងព្យុងយ៉ាងធ្វើសកម្មភាពបែបនេះនៅឈូងសមុទ្រភាគខាងកើត។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រាប់ AFP ថា «កូរ៉េខាងជើងបានបាញ់មីស៊ីល២គ្រាប់ចូលទៅកាន់សមុទ្រភាគខាងកើត(សមុទ្រជប៉ុន) នៅវេលាម៉ោង៥ព្រឹក ម៉ោងនៅក្នុងតំបន់។ មីស៊ីលនេះបាញ់ចេញពីព្រំដែនឈូងសមុទ្រភាគខាងកើតរបស់ប្រទេសនេះ»។
ប្រភពខាងលើមិនបានបញ្ជាក់ពីប្រភេទមីស៊ីលនោះឡើយ ប៉ុន្តប្រភពព័ត៌មានយ៉ុនហាប បានស្រង់ប្រភពពីមន្ត្រីយោធាកូរ៉េខាងជើងមកចុះផ្សាយថា កាំជ្រួចដែលបាញ់ចូលទៅកាន់សមុទ្រនោះជាប្រភេទកាំជ្រួចមីស៊ីល ស្កាដ (Scud) រយៈចម្ងាយខ្លីដែលហោះហើរបាន៥០០គីឡូម៉ែត្រ។ ការបាញ់សាកល្បងកាំជ្រួចមីស៊ីល កើតឡើង ញឹកញាប់បំផុតរបស់កូរ៉េខាងជើង។ ការបាញ់លើកនេះ កើតឡើងដំណាលគ្នានឹងការអញ្ជើញទៅធ្វើទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ទៅកាន់កូរ៉េខាងត្បូង។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ កូរ៉េខាងជើងក៏បានបាញ់មីស៊ីលរយៈចម្ងាយខ្លី៣គ្រាប់ចូលទៅកាន់សមុទ្រផងដែរ ។ នៅថ្ងៃទី៣ និងទី៤ ខែកក្កដា ឆ្នាំ២០១៤ ប្រមុខដឹកនាំប្រទេសចិន លោកស៊ី ជីនពីង នឹងធ្វើដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋទៅកាន់ទីក្រុងសេអ៊ូល ។ បន្ទាប់មក មេដឹកនាំរូបនេះនឹងបន្តដំណើរទៅកាន់កូរ៉េខាងជើង ហើយដែលទំនងធ្វើឲ្យកូរ៉េខាងជើងមិនសប្បាយចិត្ត ទើបបានជាបាញ់មីស៊ីលដើម្បីជាការបន្ធូរអារម្មណ៍។
កូរ៉េខាងជើងតែងតែបាញ់សាកល្បងកាំជ្រួចមីស៊ីល និងគ្រាប់រ៉ុក្កែតនៅពេលណាដែលមានស្ថានការណ៍ធ្វើឲ្យកូរ៉េខាងជើងពុំសប្បាយចិត្ត។ តួយ៉ាងដូចជាការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងតាមបន្ទាត់ព្រំដែនជាប់ជាមួយកូរ៉េខាងជើងជាដើម។ កាលពីខែមីនា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលប្រភេទស្កាដ និងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ស្របពេលដែលមានការធ្វើសមយុទ្ធរួមរវាងកម្លាំងយោធាកូរ៉េខាងត្បូង និងកម្លាំងទាហានអាមេរិក៕