ប្រតិភូទីក្រុងឈីងតាវ ជួបអភិបាលទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម

0

(ខេត្តព្រះសីហនុ) នាព្រឹកថ្ងៃអង្គារ ២រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ គណប្រតិភូទីក្រុងឈីងតាវ ដឹកនាំដោយលោក លួយ ជៀនជុន អភិបាលរងក្រុងឈីវ៊ងតាវ នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបសំដែងការគួរសមអភិបាលខេត្តព្រះសីហនុ ដើម្បកពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តឈីងតាវ និងខេត្តព្រះសីហនុ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រអប់រំ និងទេស ចរណ៍។

ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណប្រតិភូទីក្រុងឈីងតាវ ព្រមទាំងបានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិមានវិសាលភាពធំទូលាយសម្រាប់តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈអន្តរជាតិបម្រើការដឹកទំនិញជាកុងតឺន័រចេញ-ចូលប្រមាណជិត ៧៣ភាគរយ នៃបរិមាណទំនិញនាំចេញ នាំ ចូលទូទាំងប្រទេស។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិមកទស្សនា និងវិនិយោគនៅខេត្តព្រះសីហនុ បច្ចុប្បន្នព្រលានយន្តហោះប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ១១ក្រុមហ៊ុន ក្នុងនោះមានជើងហោះហើរក្នុងស្រុក មាន ៨៣ជើង ក្នុងមួយសប្តាហ៍ និងក្រៅស្រុក ៦១ជើង ក្នុងមួយសប្តាហ៍ ។ គោលដៅហោះហើរត្រង់ពីខេត្ត ក្រុងប្រទេសចិន មកខេត្តព្រះសីហនុមាន ១៦ខេត្ត ក្រុង ។

ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤កន្លែង កំពុងដំណើរការមានរោងចក្រតូច-ធំសរុប ១៦០កន្លែង និងសិប្បកម្ម ១.០៣៧កន្លែង ស្រូបយកកម្លាំងពលកម្មសរុប ៦៨.៣៥៤នាក់ ។ ភ្ញៀវទេស ចរណ៍ជាមធ្យមមានការកើនឡើងពី១០ ទៅ ១៥ភាគរយក្នុងមួយឆ្នាំ ជាពិសេសភ្ញៀវទេសចរចិន ស្ថិតក្នុងលំដាប់លេខ១ដែលមានចំនួន ២០២.៩៤៧នាក់ កើនឡើង ៦៨.៧៩ភាគរយ ។ បច្ចុប្បន្នមានអ្នកវិនិយោគចិនមកខេត្តព្រះសីហនុស្ថិតក្នុងលំដាប់លេខ១ ដែលមករកស៊ី និងវិនិយោគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្មដឹកជញ្ជូន សំណង់ និងទេសចរណ៍ ។
លោកអភិបាលខេត្តព្រះសីហនុ បន្ថែមថា ស្វាគមន៍រាល់អ្នកវិនិយោគមកពីគ្រប់ទិសទីទាំងអស់ ដែលគោរពច្បាប់កម្ពុជា។លោក លួយ ជៀនជុន អភិបាលរងក្រុងឈីងតាវ បញ្ជាក់ថា ខេត្តឈីងតាវ មានវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រជាប់លំដាប់ទី៧។ លោកសង្ឃឹមថា កំពង់ផែឈាងតាវ និងកំពង់ផែក្រុងព្រះសីហនុ និងសហការគ្នាក្នុងការដឹកជញ្ជូនកាន់តែប្រសើរឡើង។
លោកសង្ឃឹមថា ទីក្រុងឈីងតាវ និងទីក្រុងព្រះសីហនុនឹងមានកិច្ចសហការល្អជាមួយគ្នា។
ជាមួយគ្នានេះដែរលោកក៏បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូទៅចូលរួមរដូវកាលស្រាបៀរនៅខេត្តឈឺងតាវដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែជិតស្និត៕