បន្ទាយមានជ័យៈ បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំ នៃគ្រួសារមួយ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ម្តាយ
ឪពុក និងកូនរបួសស្រាល ក្រុមការងារចលនាយុវជនកម្ពុជា១៥៧ ខេត្តបន្ទាយមានជ័យ ក៏បានចុះសាកសួរសុខទុក្ខ និងយកអំណោយខ្លះទៅចែកជូនដើម្បីសម្រាលជីវភាពក្នុងពេលកំពុងសម្រាកព្យាបាល ។
ការចុះសាកសួរសុខទុក្ខនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក ម៉ាន់ ច័ន្ទឌី អនុប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងលោកស្រី រួមជាមួយក្រុមការងារ ប្រមាណ១០នាក់ ។
សូមបញ្ជាក់ថា គ្រួសារ ដែលរងគ្រោះថ្នាក់ចរាចរណ៍មាន ១.ឈ្មោះ ណេង ពៅ ភេទស្រី អាយុ៤០ឆ្នាំ ជាប្រពន្ធបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ២.ឈ្មោះ ហាក់ ឆុនរិទ្ធី ភេទប្រុស អយុង៤៦ឆ្នាំជាប្តី បានរងរបួសធ្ងន់ បាក់ជើងស្តាំ និងទី៣.ឈ្មោះ ហាស់ ឆុនសុផាន់ណាវី ភេទស្រី អាយុ៤ឆ្នាំ ត្រូវជាកូនស្រី រងរបួសស្រាល គ្រួសារនេះរស់នៅ ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក ម៉ាន់ ច័ន្ទឌី អនុប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់ភរិយាជាទីស្រឡាញ់ ម្តាយប្រកបដោយព្រហ្មវិហារធម៌ និងបានផ្តាំផ្ញើដល់អ្នក ដែលរងរបួស ឲ្យកាត់ចិត្ត និងថែទាំសុខភាព ប្រឹងប្រែងខិតខំព្យាបាលធ្វើយ៉ាងណារបួសឆាប់បានជាសះស្បើយឡើងវិញ ។
លោក ម៉ាន់ ច័ន្ទឌី បន្តលើកឡើងផងដែរថា ក្រុមចលនាយុវជនកម្ពុជា១៥៧ គឺជាក្រុមការងារមនុស្សធម៌ របស់លោក ហ៊ុន ម៉ាណែត ក្រោមការដឹកនាំរបស់លោក ម៉ឹង ពន្លក តែងតែផ្សាភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋទីទ័លក្រ ជួបការលំបាក មានជំងឺប្រចាំកាយ ចាស់ជរាគ្មានទីពឹង កុមារងាយរងគ្រោះ និងជួបនូវឧបទ្ទវហេតុផ្សេងៗ ។
ជាក់ស្តែងចំពោះគ្រួសាររបស់ជនរងគ្រោះ ហាក់ ឆុនរិទ្ធី ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រុមការងារចលនាយុវជនកម្ពុជា១៥៧ ក្រោមការដឹកនាំ លោក ម៉ាន់ ចន្ទ័ឌី បាននាំអំណោយទៅប្រគល់ជូនមាន៖ អង្ករ៥០គីឡូក្រាម, មី១កេះ, ត្រីខ១២កំប៉ុង, ទឹកត្រី ៦ ដប, ទឹកស៊ីអ៊ីវ ៦ ដប, ប្រេងឆារ១លីត្រ ១ ដប, ប៊ីចេង១គីឡូក្រាម១កញ្ចប់, ស្ករស១គីឡូក្រាម, អំបិលអ៊ីយ៉ូត ៥ គីឡូក្រាម, សាប៊ូម្ស៉ៅ១គីឡូក្រាម ១ កញ្ចប់, ទឹកសុទ្ធ១០យួរ និងថវិកា៤០ម៉ឺនរៀល ។
អំណោយទាំងនេះថ្វីដ្បិតតែតិចតួច តែពិតជាបានជួយសម្រួលដល់ជីវភាពគ្រួសារ បានមួយរយៈធំដែរ ទម្រាំបានជាសះស្បើយ នងរកស៊ីដូចធម្មតាឡើងវិញ ៕ ឃិន គន្ធា




































