កំពង់ធំ៖ រថយន្តសង្រ្គោះបន្ទាន់ទី៣១ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនដល់គលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ ពិធីប្រគល់នេះ បានធ្វើឡើងនៅក្នុងបរិវេណទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
នៅក្នុងពិធីប្រគល់រថយន្តសង្រ្គោះបន្ទាន់ទី៣១ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ស្ថិតក្នុងអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទសំណេះសំណាល អមដោយឯកឧត្តម អ្នកឧញ៉ា ជា រតនា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាក្រសួងសាធារណការ នឹងដឹកជញ្ជូន ជាមួយនឹង ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ព្រមទាំងកងកម្លាំងទាំង៣ប្រភេទចូលរួម ការសំណេះសំណាល ជាង៧០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាកររងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានមានប្រសាសន៍ថា ក្រោយថ្ងៃ៧មករាឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩៣ អង្គភាពយោធាខេត្តកំពង់ធំ មានមន្ទីរពេទ្យយោធាមួយ មានវេជ្ជបណ្ឌិត និងគ្រូពេទ្យ ជំនាញប្រកបដោយវិជ្ជាជីវៈ ខណៈនោះមានរថយន្ត គលានដ្ឋានមួយគ្រឿងសម្រាប់ដឹកកងទ័ពនៅពេលមានរបួស និងសាកសព ក្រោយមករថយន្តខូចខាត ត្រូវបានពឹងផ្អែកលើរថយន្តឯកជន និងរថយន្តមន្ទីរពេទ្យខេត្ត មកដល់បច្ចុប្បន្នមានគលានដ្ឋានថ្មីក្រោមការជំនួយឧបត្ថម្ភពីភាគគីមិត្តវៀតណាម ដែលមានទំហំ ៩X២០ម ចំណាយថវិការ៤៥,០០០ដុល្លា និងបានដាក់សម្ពោធឲ្យប្រើប្រាស់ មាន២៧គ្រែ មានបុគ្គលិក២៣នាក់ បានព្យាបាលជូនយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋ ក្នុងថ្ងៃនេះផងដែរ ក៏បានទទួលរថយន្តសង្រ្គោះបន្ទាន់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយះ ឯកឧត្តម អ្នកឧកញ៉ា ជា រតនា តាមការសម្របសម្រួលពីឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាក្រសួងសាធារណការ និង លោក អ៊ីវ បូរិន ចៅក្រមសាលាដំបូងខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា ក្នុងនាមជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមសន្យាថា ក្រោយពីទទួលបានរថយន្តសង្រ្គោះនេះ នឹងយករថយន្តទៅប្រើប្រាស់ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស តាមក្រត្យក្រមរបស់រថយន្តសង្រ្គោះ ក្នុងគោលដៅដឹកយោធិន មានរបួស មានជំងឺ និងព្យាបាល ឲ្យបានទាន់ពេលវេលា និងបំរើជូនដល់អតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ដែលមានធុរៈចាំបាច់ប្រើប្រាស់រថយន្តសង្រ្គោះដោយឥតគិតថ្លៃ ទៅព្យាបាល ដែលជាការចូលរួមចំណែក ជាមួយសង្គម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត បានមានប្រសាសន៍ កោតសរសើរនឹងវាយតំលៃខ្ពស់ ចំពោះការ ខិតខំប្រឹងប្រែងឯកឧត្តម សោម ស៊ុន ដែលបានខិតខំ កសាងអង្គភាព និងគោរពអនុវត្តបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក ភូមិភាគ បានបំពេញតួនាទី បានជោគជ័យ ទី១ ការខិតខំបណ្តុះបណ្តាលធនធានមនុស្ស ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងរួមចំណែកជួយដល់ការងារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលជាការងារដ៏សំខាន់ណាស់ក្នុង វិស័យមនុស្សធម៌ និងសូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរ សមត្ថកិច្ច ដែលបានចូលរួមសហការបានទទួល លទ្ធផលល្អជោគជ័យ ។ ដោយ ប៊ុន រដ្ឋា





































