អភិបាលខេត្តណែនាំដល់អាជ្ញាធរពាក់ពន្ធ័ កុំឲ្យប្រជាពលរដ្ឋជួលដី នៅតាមបណ្តោយព្រំដែន ទៅឲ្យប្រទេសជិតខាង

0

ស្វាយរៀង៖   លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងផ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០១៩ និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត លោក បានធ្វើការណែនាំដល់គ្រប់អង្គភាព-ពាក់ព័ន្ធ ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយ កុំឲ្យប្រជាពលរដ្ឋជួលដី នៅតាមបណ្តោយព្រំដែន ទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាងជាដាច់ខាត ។ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន។លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារយុវជន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលនាពេលកន្លងមកនេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាព នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមផ្ដល់ជាប្រយោជន៍ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ទន្ទឹមនេះ លោក ម៉ែន វិបុល អភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុក ដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ។

២.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវត្រៀមលក្ខណៈក្នុងការថែរក្សាទឹកទុកស្របតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលអាកាសធាតុនឹងចាប់ផ្តើមឡើងកម្តៅចាប់ពីខែ មេសា ដល់ខែឧសភា ឆ្នាំ២០១៩នេះ។

៣.មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត។

៤.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ត្រូវបន្តខិតខំដោះស្រាយបញ្ហា ដែលកើតមានឡើងនៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។៥.រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈ រៀបចំវិធានការពង្រឹងថែរក្សាដី រដ្ឋអោយមានប្រសិទ្ធភាព៕