អភិបាលខេត្តព្រះវិហារអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងាររៀបចំដីសម្បទានសង្គមកិច្ចលំនៅដ្ឋាន និងដីសម្បទានកសិកម្មជូនប្រជាពលរដ្ឋ!

0

(ព្រះវិហារ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារខេត្ត ចុះជួបប្រជំត្រួតពិនិត្យទីតាំងរៀបចំ បែងចែកដីសម្បទានសង្គមកិច្ចលំនៅដ្ឋាន និងដីសម្បទានកសិកម្ម ជូនប្រជាពលរដ្ឋក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារ មកពីចំនុចស្វាយជ្រុំ ដែលផ្លាស់មករស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

នៅក្នុងដំណើរចុះប្រជុំ ត្រួតពិនិត្យទីតាំងខាងលើនេះ ក៏មានការចូលរួមពីតំណាងអាជ្ញាធរព្រះវិហារ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ។

ជាលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារខេត្ត ទទួលបានលទ្ធផលដូចខាងក្រោម៖ ១/ក្រុមការងារនឹងចុះកំណត់ប្លង់ និងបោះបង្គោលការរៀបចំបិទបញ្ជីក្បាលដីឡូត៌លំនៅដ្ឋាននាពេលឆាប់ៗដល់ប្រជា ពលរដ្ឋ ដែលមិនទាន់បានទទួលបានដីកន្លងមក ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ២/ដីសម្បទានកសិកម្មដែលស្ថិតនៅឃុំកន្ទួត ស្រុកជាំក្សាន្តចំនួន ៥,០០០ហិតា នឹងត្រូវបែងចែកជូនប្រជាពលរដ្ឋក្នុង ០១គ្រួសារ ចំនួន២ ហិកតា សម្រាប់យកទៅបង្កបង្កើនផល៕