- ក្រចេះ: លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកឆ្លូង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ប្រធានសហភាពសហព័ន្ធខេត្ត នៅព្រឹកថ្ងៃទី២៤នេះ បានអញ្ចើញជួបសំណេះ សំណាល និងផ្តល់ប័ណ្ណសរសើរដល់សិស្សពូកែ នៅវិទ្យាល័យសិលាវេទីគាតឈន់ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីចូលរួមលើកទឹកចិត្តសិស្សសម្រាប់កាត្រៀមខ្លួនប្រលងសិស្សពូកែថ្នាក់ខេត្ត នាថ្ងៃទី០២ ខែមីនាខាងមុខនេះ ។

លោក ជុត ចាន់ណាក់ នាយកវិទ្យាល័យសិលាវេទីគាត ឈន់ បានឲ្យដឹងថា ការប្រលងសិស្សពូកែមានបេក្ខជន ៤៨នាក់ ជាសិស្សថ្នាក់ទី១២ ដែលបានជាប់ចំនួន១២ នាក់ ដែលមាន៣មុខវិជ្ជាប្រឡងរួមមាន៖ គណិតវិទ្យា អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ជាពិសេសបេក្ខជនទាំង ១២នាក់នេះ នឹងត្រៀមខ្លួនទៅប្រលងសិស្សពូកែថ្នាក់ខេត្ត នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាល័យហ៊ុនសែនក្រុងក្រចេះ ខេត្តក្រចេះ។ 
លោកបណ្ឌិត កៅ ម៉ាឌីឡែន តំណាងឯកឧត្តម វ៉ា ថនប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះបានកោតសរសើរ ដល់ប្អូនប្អូន ដែលជាទំពាំងស្នងប្ញស្សី ទាំង១២នាក់នេះ ជាពិសេស លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ ដែលជាអាណាព្យាបាលសិស្ស ដែលតែងតែជំរុញ និងលើកទឹកចិត្តដែលធ្វើអោយ ពួកគេសម្រេចបាននាពេលនះ ព្រមទាំងផ្តាំផ្ញើរឲ្យចេះស្រលាញ់គ្នា និងសាមគ្គីគ្នា យកចិត្តទុកដាក់ ក្នុងការប្រលងសិស្សពូកែថ្នាក់ខេត្ត និងជូនពរ អោយជោគជ័យ ទទួលបានជ័យលាភី ក្នុងការប្រឡង ដើម្បីយកត្តិយសជូនសាលា និងលោកគ្រូអ្នកគ្រួ ឪពុកម្តាយ ដែលជាអាណាព្យាបាល និងសំរាប់ខ្លួនឯងផ្ទាល់ ជាពិសេសត្រូវខិតខំប្រឹងប្រែង បន្ថែមបន្តទៀត ដើម្បីប្រលងអោយជាប់មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ ។
នាឱកាសនោះដែលលោកបណ្ឌិត កៅ ម៉ាឌីឡែន បានផ្ដល់ប័ណ្ណសរសើរ និងនិងថវិកាមួយចំនួន ដល់សិស្សពូកែទាំង១២នាក់ ដែលពូកែមុខវិជ្ជាគណិតវិទ្យា អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ពីលេខ១ដល់លេខ៤៕ ដោយ ប៊ុន មនោ






































