គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខកម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាពទិសសមរភូមិមុខប្រាសាទព្រះវិហារ!

0

ព្រះវិហារ: ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាប្រតិភូអមដំណើរ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសម្តេចទាំងទ្វេ មកឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាព កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងកម្លាំងនគរបាលជាតិការពារព្រំដែនគោកវរសេនាតូច៧៩៣ នាឱកាសអបអរសាទរបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។ ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅអគារមហោស្រប ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឋិតក្នុងភូមិពាក់ស្បែក ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង តាមបណ្ដាការិយាល័យជំនាញ នាយនិងពលទាហានជាច្រើននាក់ផងដែរ។
មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា ក្នុងនាមនាយ និងពលទាហានទាំងអស់ ដែលកំពុងបំពេញកត្តព្វកិច្ចឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ សមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជាប្រតិភូអមដំណើរទាំងអស់ ដែលតែងតែជួយទំនុកបំរ៉ុង ទាំងសម្ភារះ គ្រឿងចក្រ និងថវិកា ក្នុងការជួយទ្រទ្រង់កសាងអង្គភាព ក៏ដូចជាជួុយអភិវឌ្ឍន៍ លើកតម្កើងជីវភាពគ្រួសារកងទ័ព នៅតំបន់ជួរមុខ ឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។ ឆ្លើយតបទៅនឹងការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចទាំងទ្វេ ក៏ដូចជាអង្គភាពសម្ព័ន្ធមេត្រីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងទិសទី១ ត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារអធិបតេយ្យភាពជាតិ រួមជាមួយកម្លាំងផ្សេងទៀត ដើម្បីរក្សាសន្តិភាពស្ថិរភាពនយោបាយ ចូលរួមនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងតម្លៃណាក៏ដោយ មិនអោយក្រុមណាបំផ្លាញសន្តិភាព ដែលយើងរកបានដោយលំបាកនោះទេ។ ប្រឆាំងភារវកម្ម វាយកំទេចចោល ឲ្យទាន់នូវឧបាយកលបដិវត្តន៍ពណ៌ គាំទ្រកម្លាំងអនុវត្តច្បាប់ធានាការពារព្រៃឈើ និងធនធានដទៃទៀត។ គាំទ្រការប្រមូលថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់ការរកស៊ីគេចពន្ធ ដាក់ទោសអ្នកដែលរកស៊ីខុសច្បាប់ និងការពារអ្នករកស៊ីស្របច្បាប់។ ខិតខំពង្រឹងវិន័យកងទ័ព និងពង្រឹងសមត្ថភាពគ្រប់ផ្នែក ថែរក្សាគ្រឿងយុទ្ធោបករណ៍ យកចិត្តទុកដាក់លើជីវភាពរស់នៅកងទ័ពនិងគ្រួសារ ព្យាយាមរក្សាការទំនាក់ទំនងគ្នាកាន់តែល្អបន្តជាមួយកម្លាំងថៃ.ឡាវ ដែលកំពុងឈរជើងនៅទល់មុខគ្នាជាប់ជាប្រចាំ។ ដើម្បីបញ្ចៀសបានរាល់សកម្មភាពទាំងឡាយណា ដែលនាំឲ្យឈានទៅរកការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ។ ជារួមរហូតមកដល់ពេលនេះយើងអនុវត្តបាននៅយុទ្ធសាស្រ្ត៣ សកម្មភាព១០ និងបទបញ្ជា១១ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនាពេលកន្លងមក។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេច និងការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលរាជធានីភ្នំពេញ នៅតែប្តេជ្ញាចិត្តបន្តជួយឧបត្ថម្ភគាំទ្រជានិច្ច ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបងប្អូនគ្រួសារកងទ័ព នៅសមរភូមិមុខ ក្រោមសម្ព័នមេត្រីភាព នៃអង្គភាពសមរភូមិក្រោយ។
ទន្ទឹមនិងនោះឯកឧត្តម បានសម្តែងនូវការកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង ពលទាហាន វរៈយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្ម ដ៍ឧត្តុងឧត្តម ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តមបន្តថា កងកម្លាំងប្រដាប់អាវុធគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ហើយក៏ជាឆ្អឹងខ្នងប្រទេស ដែលមិនអាចខ្វះបាន ក្នុងការជួយទ្រទ្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍប្រទេស។ ឯកឧត្តមបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាព នោះក៏គ្មានការអភិវឌ្ឍន៍ឡើយ។ ជាក់ស្ដែងបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានសុខសន្តិភាពពេញផ្ទៃប្រទេស ប្រជាជនរស់នៅក្នុងជីវភាពសមរម្យ មានសិទ្ធិសេរីភាពពេញលេញ ដោយគោរពទៅតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។ ដែលទាំងអស់នេះកើតឡើងពីការដឹកនាំដ៏ត្រឹមត្រូវ នឹងប៉ុនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕សួនលីណា