លោកអ៑ុកកុសល់ស្នងការនគរបាលខេត្តកំពង់ធំកោតសរសើរចំពោះការខិតខំប្រឹងប្រែង អនុវត្តភារកិច្ចរបស់កងកម្លាំងនគរបាលនារី

0

កំពង់ធំ៖ ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៩វេលាម៉ោង ៩ និង ៣០នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីនគរបាលនារីនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ដោយមានការចូលរួមពីលោកស្រីស្នងការរង លោកស្រីនាយរងការិយាល័យ លោកស្រីអធិការរង លោកស្រីនាយ នាយរងផ្នែក មន្ត្រីនគរបាលនារី ដែលជាមាគមននារី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមប្រមាណ ១១៥ នាក់ ។

លោកស្រីវរសេនីយ៍ឯក កង កូយ ស្នងការរងផែនការងារ យែនឌ័រ បានអានរបាយការណ៍ អំពីលទ្ធផលការងារដែលបានអនុវត្ត រយ:ពេលកន្លងមកក្នុងឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ ។លោកស្រីវរសេនីយ៍ឯក កង កូយ ស្នងការរង មានមតិក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលលោកតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះកងកម្លាំងក្រោម ឱវាទទាំងអស់ ជាពិសេសមន្ត្រីនគរបាលនារី ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត លោកស្រី ស្នងការរង បង្កើតកញ្ចប់ថវិកាដែលសមាជិចូលរួមសន្សំជារៀងរាល់ខែ របស់សមាគមនារី ក្នុងគោលបំណងចូលរួមចំណែក ឧបត្ថម្ភសម្រាប់ ដល់សមាជិកណាមួយដែលជួបប្រទះបញ្ហា និងទុក្ខលំបាកផ្សេងៗដូចជា បន្តការសិក្សាសម្រាលបុត្រ មានជម្ងឺ និងគ្រោះថ្នាក់ផ្សេងៗដើម្បីដោះស្រាយក្នុងជីវភាពរបស់បងប្អូន ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បាននាំយកប្រសាសន៍ ផ្ដាំផ្ញើ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសប្រសាសន៍ ផ្ដាំផ្ញើ របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលឯកឧត្តម តែងតែផ្ដាំផ្ញើរ តែងតែសួរសុខទុក្ខដល់មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ ឯកឧត្តមចង់ដឹងអំពីសុខុមាលភាព សុខទុក្ខ របស់បងប្អូនកងកម្លាំងនគរបាលយើង ។ ហើយកងកម្លាំងនគរបាលនារី ជាកងកម្លាំងពិសេសសម្រាប់ការចូលរួមអភិវឌ្ឈន៍ ក្នុងអង្គភាពនីមួយៗ ការបញ្ចៀបការងារយែនឌ័រ ដើម្បីមានភាពស្មើគ្នា ក្នុងអនុវត្តកិច្ចការងារ ។ ហើយឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងនគរបាលនារីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តកំពង់ធំ ដែលបានខិតខំចូលរួមបំពេញភារកិច្ច របស់ខ្លួន និងអនុវត្តបទបញ្ជា របស់ថ្នាក់ដឹកនាំ ទទួលបានលទ្ធផលជាផ្លែផ្កាបន្តបន្ទាប់ អោយអង្គភាពយើងមានកិត្តិយស ការទទួលស្គាល់ពីបណ្ដារ អង្គភាពដ៍ទៃទៀត និងការទទួលស្គាល់ពីប្រជាពលរដ្ឋ ដែលជាក្ដីសង្ឈឹមរបស់ប្រជាពលរដ្ឋ ។ លោកស្នងការ បានកោតសរសើរ ចំពោះការបង្កើតសមាគមផ្ទៃក្នុងរបស់កងកម្លាំងនគរបាលនារី គឺបង្ហាញអោយឃើញថាកងកម្លាំងនារីយើង មានការសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ ចេះជួយគ្នាទៅវិញទៅមក នៅពេលមានទុក្ខលំបាក ហើយការបង្កើតសមាគម នេះឡើងមានភាពរលូនគឺដោយសារមានការចូលរួមពីបងប្អូនកងកម្លាំងនគរបាលនារី ទាំងអស់គ្នា ព្រមទាំងចូលរួមបរិចាគថវិកាមួយចំនួន ចូលរួមចំណែកក្នុងសមាគម ដើម្បីត្រៀមបម្រុងទុកឧត្ថម្ភ ដល់សជិកណាមួយមានទុក្ខធូរ: គឺត្រូវទទួលបានថវិកា សម្រាប់ដោះស្រាយក្នុងជីវភាពមួយរយ:ពេល។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ មានមតិសំណេះសំណាលលើកសរសើរ ដល់មន្ត្រីនគរបាលនារីដែលមានការសាមគ្គីភាពឯកភាពផ្ទៃក្នុង បានល្អ ផ្ដើមចេញពី គោរពវិន័យ តួនាទី ភារកិច្ច ក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខាងលើនេះអោយបានរឹងម៉ុាជានិរន្ដរ៍ ដើម្បីបន្តចូលរួមបំពេញ កិច្ចការជំនាញបានជោគជ័យ ក៍ដូចជាការកសាងអង្គភាព មានការរីចម្រើន ព្រមទាំងណែនាំក្រើនរំលឹកបន្តចូលរួម ថែរក្សាសុខភាព និងធ្វើពលកម្ម នៅបរិវេណអង្គភាពការិយាល័យជំនាញរៀងៗខ្លួន ដោយចូលរួមបោសសម្អាតសំរាម ដង់ផ្លាសស្ទីច និងសំណល់ វត្ថុផ្សេងៗ ដែលបណ្ដាលអោយមានក្លិនមិនល្អ ប៉ះពាល់ដល់សុខភាព និងការបំពេញកិច្ចការងារជំនាញ ក្នុងអង្គភាព ជារៀងរាល់ថ្ងៃ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ បានបន្តថ្លែងអំគុណ ជូនពរដល់លោកស្រីស្នងការរង លោកស្រី កងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំផងដែរ  ៕