ផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិមួយចំនួនត្រូវអគ្គីភ័យលេបត្របាក់ម៉ត់គ្មានសល់

0

កំពង់ធំ៖ លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នងដែលសង់អំពីឈើ ប្រក់ក្បឿងទំហំ៧X ១១ម៉ែត្រត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធូរសន្ធៅ ព្រមទាំងបានបំផ្លាញទ្រព្យសម្បត្តិមួយចំនួនទៀត ហេតុការណ៏អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១១នឹង២០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពព៍ត័មានពីម្ចាស់ផ្ទះបានបង្ហើបឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមគ្រួសាររបស់គាត់បានទៅរស់នៅផ្ទះម្តាយក្មេក នៅទល់មុខផ្ទះឆេះ ហើយផ្ទះរបស់គាត់បិទទ្វាចោល ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុផ្ទះម្តាយក្មេកបានដាច់ភ្លើង ហើយក្រឡេកមកមើលផ្ទះរបស់ខ្លួនស្រាប់ឃើញមានអណ្តាតភ្លើង កំពុងឆាបឆេះផ្ទះរបស់ខ្លួនយ៉ាងសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ស្រែកឆោរឡោ និងរត់មកជួយពន្លត់ បន្ទាប់បានឃើញរថយន្តបាញ់ទឹករបស់ស្នងការដ្ឋានខេត្តកំពង់ធំជួយអន្តរាគមន៏បាញ់ពន្លត់អស់ជាច្រើនឡាន ទើបបណ្តាលឲ្យអណ្តាតភ្លើងរលត់អស់១០០% និងមិនឆេះរៀលដាល់ ដល់ផ្ទះអ្នកជិតខាង។

លោក ហៀង ហ៊ល ស្នងការរងអគ្គិភ័យ បានប្រាប់អោយដឹងថា ករណីនេះកម្លាំងសមត្ថកិច្ចចម្រុះ បានចុះជួយអន្តរាគមបាញ់ទឹកភ្លាមៗ អស់ចំនួន៧ឡាន ទើបអាចទប់ទល់ស្ថានភាពបានលោកបន្តថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឡេក គឹមហួរ អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ករណីនេះបានឆេះអស់ផ្ទះមួយខ្នងទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួនមាន ដូចជា សម្លៀកបំពាក់ គ្រឿងអល្ល័ង្កា ខ្សែករ ជញ្ជៀន គ្រឿងសង្ហារឹម និងម៉ូតូសេរីចាស់២គ្រឿង។  ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះអគ្គិភ័យតែងតែកើតឡើង ជាយថាហេតុ នៅរដូវប្រាំងនេះ៕