ភ្នំពេញ៖ បុរសម្នាក់ស្រវឹងបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ទៅបុកនឹងដើមឈើសួនច្បាររបស់ ភូមិគ្រឹះដ៏ធំស្គឹមស្គៃមួយកន្លែងស្ថិតតាមបណ្តោយផ្លូវ ព្រះនរោត្តម ទល់មុខវត្តថាន់ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ២១និង០០នាទីយប់ថ្ងៃទី ៣០ មិថុនា
ឆ្នាំ២០១៤។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-1313 បើកបរទាំងស្រវឹងផង និងងងុយដេកផង តាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជ្រុលល្បឿនរេចង្កូតបុកឡើងលើខឿននៃភូមិគ្រឹះខាងលើ ហើយបុករះដើម ឈើសួនច្បារដែលដាំនៅពីមុខភូមិគ្រឹះ បាក់អស់ចំនួន២ដើមរាបស្មើរដល់ដី និងរថយន្តត្រូវរងការខូចខាតផ្នែកខាងមុខនិងត្រូវគល់ឈើគៀបជាប់នៅ ពីក្រោមមិនអាចបន្តដំណើរទៅមុខទៀតបាន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុនិង ធ្វើការសម្របសម្រួលភាគីទាំងពីរ ដោយភាគីខាងម្ចាស់រថយន្តព្រមទទួលស្គាល់ថា ខ្លួនខុស ហើយបានចេញសំណងថ្លៃខូចខាតទាំងអស់ទៅខាងម្ចាស់ភូមិគ្រឹះ ដើម្បីបញ្ចប់រឿងព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយទៀត ណាមួយក៏មិនចង់រំខានដល់ បងៗសមត្ថកិច្ចដែលចុះមកអន្តាគមន៍ផងដែរ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះគឺ មិនបណ្តាលមកពីបុរសខាងលើស្រវឹងជោគជាំនោះទេ គឺគ្រាន់ តែគាត់ងងុយដេកខ្លាំង ហើយមានជាតិស្រវឹងតិចតួចផងនោះ ទើបបណ្តាលឲ្យមានជ្រុលល្បឿនរេចង្កូតបុករះ ដូចនេះតែម្តងទៅ៕



































![00185[06-56-21]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0018506-56-21.jpg?resize=550%2C412&ssl=1)
![00192[06-57-12]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0019206-57-12.jpg?resize=550%2C412&ssl=1)
