ប្រកាស​បង្កើត និង​ដាក់ឲ្យ​ដំណើរការ សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​

​ខេត្ត​ត្បូងឃ្មុំ​៖ លោក នូ ស៊ីថា ត្រូវ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤​នេះ បាន​ទទួល​ដំណែង​ជា​ប្រធាន​ស្តីទី​សាខាគយ និង រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ជា​ផ្លូវការ នៅ​សាលាខេត្ត​ត្បូងឃ្មុំ ។​

​លោក នូ ស៊ីថា ក៏​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ថា នឹង​ខិត្ត​ខំ​យកចិត្តទុកដាក់ ក្នុង​សា្មរ​តី​ទទួលខុសត្រូវ​ខ្ពស់​អនុវត្ត​តួនាទី ភារកិច្ច​តាម​គោលការណ៍ ច្បាប់ នីតិវិធី និង បទបញ្ញត្តិ​ដែល​បានកំណត់ ជា​ពិសេស​ទាក់ទង​នឹង​ការងារ​ប្រមូល​ពន្ធ ការងារ​រក​ប្រាក់ចំណូល​ជូន​រដ្ឋ និង​ការងារ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​រត់ពន្ធ​ជាដើម ដោយ​ផ្អែក​លើ​ច្បាប់ និង​ឯកសារ​គតិយុត្ត​ជា​ធរមាន ។ ក្រៅពីនេះ ការពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឧិវាត​ត្រូវ​គិតគូ​រយកចិត្ត​ទុ​កដាក់ជាប់​ជាប្រចាំ រួមទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ទីរ អង្គភាព និង​សមត្ថកិច្ច​មូលដ្ឋាន​ដទៃទៀត ។​
​    ​លោក ប្រាជ្ញ ចន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ថ្លែង​ក្នុង​ពី​ធី​ប្រកាស​នោះ​ដែរ​ថា ឆ្លៀត​ក្នុង​ឧិ​កាសនេះ​ផងដែរ ក្នុង​នាម​រដ្ឋបាល ខ្ញុំ​សូម​សំណូមពរ និង​អំពាវនាវ​យ៉ាង​ទទូច​សុំឲ្យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ រដ្ឋបាល​គ្រប់​កំរិត មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំងក្លា និង​សកម្ម​ផុលផុស រួមសហការ​ជាមួយ​សាខាគយ និង​រដ្ឋាករ​ខេត្ត មន្ត្រី​គយ ជាពិសេស​ក្នុង​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​រត់ពន្ធ ដើម្បីឲ្យ​ការងារ​ប្រមូល​ពន្ធ និង​ការរកចំណូល​ជូន​រដ្ឋ ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​
​    ​ក្រៅពី​ការធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទាំង​ការរស់នៅ និង​ការប្រកប​មុខរបរ​ផ្សេងៗ​ទៀត​នោះ សូម​អាជ្ញា​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ មេត្តា​បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ក្នុង​ការពិនិត្យ​តាមដាន សិក្សា​ស្វែងយល់​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រិះរក​មធ្យោបាយ និង​លទ្ធភាព​ដើម្បី​ជា​ដំណោះស្រាយ​សមស្រប ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន និង​ជា​ពិសេស​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា សំដៅ​ទាក់ទាញ​នូវ​ជំនឿ​ជាក់ និង​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឍដ្ឋាន ។​
​    ​ជាមួយគ្នានេះ យើង​សូម​ជម្រុញ​និង​លើកទឹកចិត្ត​ដល់​បណ្តា​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង​-​ស្រុក កងកម្លាំងប្រដាបអាវុធ​គ្រប់​ប្រភេទ សូមមេត្តា​ពង្រឹង​ប្រសិទ្ធភាព​នៃ​របៀបរបប​ធ្វើការ​របស់​ខ្លួន និង​បំផុស​ឲ្យមាន​របប​រាយការណ៍​ជា​ប់​ជាប្រចាំ ឲ្យទាន់​ហេតុការណ៍ ទាន់ពេលវេលា និង​មាន​ភាពប្រាកដប្រជា តាមរយៈ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ និង​តាមរយៈ​ទូរស័ព្ទ សារ​អេឡិកត្រូនិច្ច SMS ដោយ​ប្រើប្រាស់ WhatsAPP ឬ​តាម​ឡា​ញ (LINE) ជា​ដើម​ដើម្បី​ឲ្យ​យើងទាំងអស់គ្នា​ក្តាប់​បាន​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ព្រឹតិ្តការណ៍ និង​ហេតុ​កាណ៍​នានា និង​ជា​មូលដ្ឋាន​ក្នុង​ការសិក្សា វិភាគ វាយតម្លៃ ស្វែងរក​វិធី​ដោះស្រាយ ឬ​មាន​វិធានការ​ចាំបាច់​ជា​ដើម ។​
​    ​យើងខ្ញុំ​មាន​ក្តីសង្ឃឹម​ជឿជាក់ ប្រកប​ដោយ​សុទិដ្ឋិនិយម​លើ​ស្មារតី​ទទួលខុសត្រូវ និង​ការរួមចំណែក​របស់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ រដ្ឋបាល​គ្រប់​ថ្នាក់ មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ហើយ​យើងខ្ញុំ​ត្រៀមខ្លួន​ជានិច្ច ក្នុង​ការងារ​សម្របសម្រួល និង​បង្កលក្ខណៈ​គ្រប់បែបយ៉ាង ដើម្បី​រួមគ្នា​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​បី របស់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី កំណើន ការងារ សច្ចធម៌ និង​ប្រសិទ្ធភាព ។ សូមឲ្យ​ការបំពេញភារកិច្ចរ​បស់​អស់លោក លោកស្រី ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​នៃ​សាខាគយ និង​រដ្ឋាករ​ខេត្ត ទទួលបាន​លទ្ធផល​ល្អប្រសើរ ស្នាដៃ​ដ៏​ត្រចះត្រចង់ និង​ជោគជ័យ​គ្រប់​ភារកិច្ច ជា​ឧត្តម​ប្រយោជន៍​របស់​មាតុភូមិ កុំបី​អាក់ខាន​ឡើយ ៕

DSC01695