ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាអមដំណើរដោយ លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់បានអញ្ជើញទៅប្រគល់ផ្ទះខ្នងទី១១១ ជូនគ្រួសារអតីតយុទ្ធជនឈ្មោះ ឆ្លាំង ប៉ោង នៅក្នុងស្រុកសណ្តាន់។
ពិធីប្រគល់ផ្ទះខ្នងលើកទី១១១ ជូនគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ភូមិ-ឃុំ និងប្រជាពលរដ្ឋ បាននាំយកផ្ទះមួយខ្នង ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
អតីតយុទ្ធជនលោក ឆ្លាំង ប៉ោង អាយុ៦០ ឆ្នំា ឋានន្តរសក្ដិថ្នាក់ អនុសេនីយ៍ត្រី ធ្លាប់ចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៩៧ (អតីតអង្គភាពកងពល៦១៦ ខ្មែរក្រហម ធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៨ )នៅក្នុងអង្គភាពវរសេនាតូចលេខ៧ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០១៨ មានភរិយាឈ្មោះ សេង ហ៊ី អាយុ២៧ ឆ្នាំ មានកូនចំនួន ០២ នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀតដំបូលធ្លុះធ្លាយជាមួយម្ដាយ ដែលមានចំនួន ០៣ គ្រួសារ និងមានសមាជិករស់នៅជាមួយគ្នាចំនួន ១២ នាក់ នៅភូមិវាលព្រីងក្រោម ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ផ្ទះថ្មី ដែលបានប្រគល់ជូនមានទំហំ ៤មx៦ម សាងសង់ពីឈើ ជញ្ជាំងនិងរនាបក្តារ ដំបូលប្រក់ស័ង្កសី សាងសង់ខ្ពស់ផុតពីដី ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន៦,៩៥០,០០០រៀល នៅក្នុងឳកាសជា នេះដែរ ក្រុមការងារសមាគមអតីតយុទ្ធជនខេត្ត បានឧបត្ថម្ភអំណោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា អង្ករ៥០ គីឡូក្រាម , មីយើង ០២ កេស , ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២ យួរ , មុងជ្រលក់ថ្នាំចំនួន ០១ និងថវិកាចំនួន ៣០០,០០០ រៀល ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ចាការរងយោធភូមិភាគទី៤ មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ថំ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារអតីតយុទ្ធជនសូមកុំឲ្យជឿលើការឃោសនាបំប៉ោង ញុះញង់ ព័ត៌មាន បំបែកបំបាក់ ដោយក្រុមជនអគតិមួយចំនួនតូច ដែលអាចនាំឲ្យប្រទេសជាតិ វិលត្រឡប់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្តងទៀត ដូច្នេះយើងត្រូវរួមគ្នារក្សា សន្តិភាពដើម្បីភាព រីកចម្រើនរបស់ប្រទេសជាតិ ដែលបច្ចុប្បន្នមាន សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោក ឆ្លាំង ប៉ោង មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលផ្ទះថ្មី សូមប្តេជ្ញាគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសុខសន្តិភាព ជារៀងរហូត ។ ដោយ ប៊ុន រដ្ឋា




































