កំពង់ធំ:ព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើខែមាឃឆ្នាំចពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០១៩ម ក្រុមប្រឹក្សាខេត្តកំពង់ធំបើកកិច្ចប្រជុំសញ្ញលើកទី៥៧ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ ជាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីជាប្រធានអង្គភាពមន្ទីរជុំវិញខេត្ត។
ក្នុងកិច្ចប្រជុំមានខ្លឹមសារសំខាន់សំខាន់ដចខាងក្រោម:១.ពិនិត្យនិងអនុម័តកំណត់ហេតុប្រជុំសាមញ្ញលើកទី ៥៦ ប្រវត្តិក្រុមប្រឹក្សាខេត្តកំពង់ធំ។២.ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែមករារបស់រដ្ឋបាលខេត្ត។៣.ពិនិត្យនិងអនុម័តលើផែនការសកម្មភាពនិងថវិការបស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ។
នៅក្នុងកិច្ចប្រជុំឯកឧត្តមឈុនឈន់ បានបន្ថែមក្នុងបញ្ហាមួយចំនួន ដូចជាប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធប្រឡាយទឹកសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋគឺជាបញ្ហាមួយដែលយើងត្រូវដោះស្រាយហើយវាមានសារៈសំខាន់ណាស់ ដូច្នេះយើងត្រូវដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដែលពួកគាត់កំពុងតែជួបប្រទះនៅចំពោះមុខ ជាពិសេសមន្រ្តីទាំងអស់ត្រូវចូលរួមនិងយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនបងប្អូនអោយបានល្អប្រសើរ ដើម្បីអោយពួកគាត់មានទំនុកចិត្តលើអាជ្ញាធរដែនដីដែលកំពុងបំពេញការងារនឹងធ្វើការជូនពួកគាត់ដោយមិនគិតពីការនឿយហត់របស់ខ្លួន។
បន្ថែមលើនេះទៀតនៅក្នុងកិច្ចប្រជុំនេះឯកឧត្តមក៏បានបន្តទៀតថាយើងត្រូវចូលរួមដោះស្រាយបញ្ហាផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋមានដូចជា បញ្ហាជម្លោះដីធ្លី បញ្ហាកង្វះខាតទឹក សម្រាប់បង្កបង្កើនផល បញ្ហាបទល្មើសនេសាទបញ្ហាបទល្មើសគ្រឿងញៀន បញ្ហាបទល្មើសព្រៃឈើ យើងត្រូវដោះស្រាយ និងទប់ស្កាត់ជូនពួកគាត់ឲ្យបានទាន់ពេលដែលពួកគាត់កំពុងតែជួបប្រទះនិងកំពុងតែមានតម្រូវការចាំបាច់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីធ្វើឲ្យប្រទេសមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ពីមួយជំហានទៅមួយជំហានឆ្ពោះទៅកាន់ប្រទេសដែលកំពុងអភិវឌ្ឍ ទៅប្រទេសអភិវឌ្ឍជាពិសេសដើម្បីឆ្លើយតបទៅនឹងប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញការងារនិងគោរពតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានល្អជាពិសេសយើងត្រូវចូលរួមបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរដែលពួកគាត់កំពុងតែត្រូវការនិងចាំបាច់នាពេលខាងមុខ។










































