កំពង់ធំ៖ ខ្នងផ្ទះលើកទី១១៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដឹកនាំសាងសង់ជូនអតីតយុទ្ធជនពិការនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឲ្យសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដឹកជញ្ជួនឈើគ្រឿងផ្ទះ រួមទាំងសម្ភារៈ សម្រាប់សាងសង់ផ្ទះឲ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនអតីតយុទ្ធជនពិការ គឺលោក ពលបាលទោ ស៊ន វិន បច្ចុប្បន្ន រស់នៅភូមិប្រណាក ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជាក់ស្តែង អំណោយខ្នងផ្ទះលើកទី ១១៣ ត្រូវបានចាប់ផ្តើមសាងសង់ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ តាមការណែនាំ ចង្អុលបង្ហាញ របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដើម្បីសាងសង់ផ្ទះ ជូនលោកពលបាលទោស៊ន វិន អាយុ៥៥ ឆ្នំាបានពិការជើង និងពិការភ្នែក នៅក្នុងសម័យសង្គ្រាម មានភរិយាឈ្មោះ ហៀម រាម អាយុ៤៨ ឆ្នំាមានកូនចំនួន៤នាក់ រសនៅក្នុងបន្ទុក នាពេលបច្ចុប្បន្នមានជម្រកស្នាក់នៅមិនសមរម្យ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា អតីតយុទ្ធជនកម្ពុជា ដែលរស់នៅក្នុង ខេត្តកំពង់ធំ ដែលគ្មានដី គ្មានផ្ទះ ឬមានដីតែគ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំ ត្រូវបាន ក្រុមការងារសមាគមស្រុក ក្រុង ចុះទៅពិនិត្យស្ថានភាពជីវិតរស់នៅពិត និងសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅរបស់ក្រុមគ្រួសារ អតីតយុទ្ធជន និងត្រូវបានដោះស្រាយជីវភាពរស់នៅជាបន្ត បន្ទាប់ ហើយនិងបានចាត់ចែងសាងសង់ផ្ទះជូនក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ដែលបានអនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះក្រុមគ្រួសាររបស់អតីតយុទ្ធជន ដែលកំពុងតែរស់នៅ ក្នុង ភូមិសាស្រ្តខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសផងដែរ។ដោយ ប៊ុន រដ្ឋា






































