(ខេត្តព្រះសីហនុ)៖ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ កិច្ចប្រជុំបូក សរុបការស្រង់ស្ថិតិជំហានដំបូងជនបរទេសស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ។ 
ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍បាន ឱ្យដឹងថា ក្នុងយុទ្ធនាការស្រង់ស្ថិតិជនបរទេសស្នាក់នៅ ធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ តាមគោលដៅអាជីវកម្ម ២.០៥២ មានជនបរទេសស្នាក់នៅអចិន្ត្រៃយ៍ចំនួន ៤០.៧៧០នាក់ ស្រី ៨.៣៨៧នាក់ មាន ៥៧សញ្ជាតិ មានអាជីវកម្មធុនតូច ១៦៧ប្រភេទ ។ 
លោកបន្តថាការចុះស្រង់ស្ថិតិនេះមានម្ចាស់ទីតាំងមួយចំនួនមិនបានសហការផ្តល់ទិន្នន័យជាក់លាក់ពីជនបរទេសស្នាក់នៅ និងបម្រើការងារនៅកន្លែងរបស់ខ្លួនខ្លះដែរ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា អ្នកវិនិយោគ និងទេសចរចិនស្នាក់នៅខេត្តព្រះសីហនុ មានប្រមាណ ៧ម៊ឺននាក់។លោក អភិបាលខេត្ត ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ ផ្តល់ផលវិជ្ជមានយ៉ាងច្រើន ជួយឱ្យខេត្តបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែវាមានផលអវិជ្ជមាន តិចតួចដែរ។លោក ប៉ាន់ប្រមាណថាមាន ប្រជាពលរដ្ឋពី ៩០ ទៅ ៩៥ភាគរយ អបអរសាទរចំពោះការវិនិយោគ និងទេសចរចិនមកខេត្តព្រះសីហនុ។
អាជ្ញារធរខេត្តបានអនុវត្តគោលនយោបាយការគៀងគរចំពោះអ្នកវិនិយោគ និងទេសចរ ដើម្បីបង្កើនចំណូលថវិកាជាតិ បន្តជម្រុញគ្រប់គ្រងជនបរទេស ធានាការពារសន្តិសុខ សុវត្ថិភាពដល់វិនិយោគ និងទេសចរ ធ្វើឱ្យខេត្តមានការអភិវឌ្ឍលឿន ថ្វីត្បិតការវិនិយោគវាមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម័្ពន្ធ បរិស្ថាន ប្រពន្ធលូរ ។ ក៍ប៉ុន្តែបច្ចុប្បន្នមានសំណង់អគារធំ ខ្ពស់ប្រមាណជាង ២០០កំពុងតែកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ហើយសង្ឃឹមថា នៅមានសំណង់ជាច្រើនទៀតបន្តកើតឡើងជាបន្តបន្ទាប់នាពេលខាងមុខ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍បូកសរុបកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីការស្រង់ស្ថិតិជនបរទេសជំហានដំបូង ដែលស្នាក់នៅ និងប្រកបរបរអាជីវកម្មក្នុងខេត្តព្រះសីហនុដោយគូសបញ្ជាក់ថា ការហូរចូលយ៉ាងលឿនពីជនបរទេសរាប់ម៉ឺននាក់ និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនូវសណ្ឋាគារ កាស៊ីណូ រីសត ខុនដូ រោងចក្រ សហគ្រាស ផ្ទះសំណាក់ និងអាជីវកម្មផ្សេងៗទៀត ភាគច្រើនការវិនិយោគ និងអាជីវកម្មជាជនជាតិចិន ។ ដូច្នេះសមត្ថកិច្ចនគរបាលមូលដ្ឋាន ក្រុង ស្រុក ខេត្ត បន្តអនុវត្តនូវយន្តការទទួលខុសត្រូវក្នុងភូមិសាស្ត្រ តាមច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារ ច្បាប់ពាណិជ្ជកម្ម ផ្តល់ពត៍មានទិន្នន័យជនបរទេសស្នាក់នៅ ដើម្បី
ជម្រុញឱ្យជន បរទេសទៅឱ្យសុំប័ណ្ណការងារ សៀវភៅការងារ បង្កើនវិធានការត្រួតពិនិត្យផ្លូវច្បាប់ ចំពោះជនបរទេសដែលស្នាក់នៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងអោយបានត្រឹមត្រូវ។
ជនបរទេសដែលមកដោយស្របច្បាប់ត្រូវយកចិត្តទុកដាក់ការពារគេអោយបានល្អចំណែកជនបរទេសដែលមកដោយខុសច្បាប់ត្រូវមានវិធានការស្របតាមច្បាប់កម្ពុជា។




































