សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ប្រសិទ្ធិភាពនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់

0

កំពង់ធំ៖ ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ប្រសិទ្ធិភាពនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានតំណាងអភិបាលខេត្ត និងមន្រ្តីបរិស្ថាន និងតំណាងសហគមន៍ទាំង៤ខេត្ត  ដែលស្ថិតនៅជុំវិញជាប់ព្រំប្រទល់ព្រៃ ឡង់ ចូលរួមក្នុងសិក្ខាសាលា នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ ២០១៩ ស្ថិតនៅភូមិបាល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។បន្ទាប់ពីលោក ហួន វ៉ាននិត អភិបាលរងខេត្តកំពង់ធំ បានធ្វើកិច្ចស្វាមគមន៍ រួមទាំងបញ្ជាក់ពីស្ថានភាព ភូមិសាស្រ្តខេត្តកំពង់ធំ រួចមក លោក សូ​ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ខេត្តកំពង់ធំ គឺជាខេត្តដំបូងគេ ដែលបាន រៀបចំសិក្ខាសាលាស្តីពី កិច្ចការពារជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងភ្នំពេញ ការរៀបចំសិក្ខាសាលានេះ គឺក្នុងគោលបំណង់ពង្រឹងការគ្រប់គ្រង់ការពារ  ជម្រកសត្វព្រៃ ព្រៃឡង់ ឲ្យបានគង់វង្ស និងមានអ្នកការពារអភិរក្សត្រឹមត្រូវ ពិតប្រកដ ច្បាស់លាស់ ដែលជាការបន្ថែមភាពទទួលខុសត្រូវ ដើម្បីចៀសវាងការឆ្លើយដាក់គ្នា គឺរួមគ្នាដើរផ្លូវតែមួយ ទាំងសហគមន៍ រដ្ឋាភិបាល និងក្រសួង ក្នុងនោះក៏សូមកោតសរសើរ ចំពោះមន្រ្តីបរិស្ថាន ដែលបានយកចិត្តទុកដាក់ សហការ ការពារ ព្រៃឡង់រហូតមកដល់ពេលនេះ ។លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានបញ្ជាក់ថា ព្រៃឡង់ គឺជាឈ្មោះដែលហៅតៗគ្នា និងជាព្រៃចុងក្រោយបំផុត នៃប្រភេទព្រៃដែលមានសារៈសំខាន់នៅក្នុងឧបទ្វីបឥណ្ឌូចិន ព្រៃឡង់មានផ្ទៃដីសរុប ៤៣១​,៦៨៣ ហិចតា ស្ថិតនៅជាប់ភូមិសាស្រ្ត ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ដែនជម្រកសត្វព្រៃ ព្រៃឡង់ បង្កើតឡើងដោយ អនុក្រឹត្យលេខ ០៧៤ អនក្រ .បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦  ជម្រកសត្វព្រៃ ព្រៃឡង់មានសក្តានុពលធនធានធម្មជាតិ  និងជីវៈចម្រុះ សំម្បូរបែប ដែលជាជម្រាលផ្ទៃរងទឹកភ្លើងសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប បំរើដល់វិស័យកសិកម្ម ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម បរិស្ថាន និងវប្បធម៌  បច្ចុប្បន្នកំពុងតែស្នើរសុំ គម្រោងសាកល្បង នៃការអភិវឌ្ឍន៍កម្មវិធីរេដបូក ដើ​ម្បីកាត់បន្ថយការបញ្ជេញឧស្ម័ន ពីការបាត់បង់ព្រៃឈើ ។ក្នុងនោះក៏មានមន្រ្តីឧទ្យាននុក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ខេត្តកំពង់ធំ មានទំហំ១២០.០០០ហិចតា មានស្នាក់ការចំនួន៧ មន្រ្តីឧទ្យាននុរក្ស ៣៧នាក់ ខេត្តក្រចេះ ១០.៥០០ហិចតា មានមន្រ្តីឧទ្យានុរក្ស ១៣នាក់ ខេត្តស្ទឹងត្រែង មានទំហំ ១២១,៩០៣ហិចតា ស្នាក់ការចំនួន១ មន្រ្តីឧទ្យានុរក្ស ១៨នាក់ ខេត្តព្រះវិហារ មានទំហំ ៨០៩៧៧.៣១ហិចតា មានស្នាក់ការចំនួន ៤ មានមន្រ្តីឧទ្យានុរក្ស ១៧នាក់ ។ចំណែកលទ្ធផលដែលបានរំពឹងទុក ពីសិក្ខាសាលា គឺបានពិនិត្យលើបញ្ហាប្រឈមទាំង៤ខេត្ត  និងកំណត់ នូវយុទ្ធវិធីដោះស្រាយ ពន្លឿនការរៀបចំសហគមន៍ និងតំបន់ការពារធម្មជាតិ ដើម្បីឲ្យស្របតាមនិតិវិធីច្បាប់ រៀបចំដីធ្លី តំបន់ស្នូល តំបន់អភិរក្ស  ក្នុងនោះក៏មានបញ្ហាដែលកំពុងតែប្រឈម ដែលមានសកម្មភាពលួចចូល រុករានទន្រ្ទានដីរបស់រដ្ឋ និងនិងការកាប់ឆ្ការព្រៃដោយខុសច្បាប់ និងពុំទាន់មានការបោះបង្គោលព្រំដី តាមចំនុចសំខាន់ៗ ប៉ាណូផែនទី ស្លាកអប់រំ ផ្សព្វផ្សាយ ការចូលរួមទប់ស្កាត់បទល្មើសរបស់អាជ្ញាធរនៅមាន កំរិត កំណើនភ្លើងឆេះព្រៃមានការកើនឡើង  មន្រ្តីឧទ្យានុរក្សមានចំនួនតិច ។ដោយ  ប៊ុន  រដ្ឋា