ខេត្តរតនគិរី÷ យ៉ាងហោចណាស់មានមនុស្សស្រី១នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងក្នុងទិសដៅបញ្រ្ចាសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៩កន្លងទៅ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨A ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤៥-៥៤៦ ត្រង់ចំណុចអំពិលប្រាំដើម ស្ថិតនៅក្នុងភូមិ៤ គ៦០ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ សេ១០០ ពណ៌ក្រហម (អត់ស្លាកលេខ)បើកបរដោយឈ្មោះ កូវ នុ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិល្អិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី (ស្លាប់)នៅកន្លែងកើតហេតុ។
អ្នករួមដំណើរមានឈ្មោះ គីន លិញ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិទំពួន រងរបួសធ្ងន់ រស់នៅភូមិ/ឃុំជាមួយគ្នា។
មន្ត្រីនគរបាលបន្តថា ម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១BU -៥២០០
អ្នកបើកបរម៉ូតូស្កុបពីមាន ឈ្មោះសំ រំុ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ឃុំត្រពាំងច្រេស ស្រុកកូនមុំ មុខរបរសិស្ស របួសធ្ងន់។ អ្នករួមដំណើឈ្មោះ កាន់ លីង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសធ្ងន់ បច្ចុប្បន្នរស់នៅភូមិ/ឃុំជាមួយគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ធ្វើការវាស់វែងដឹកបញ្ជូនអ្នករងរបួសធ្ងន់តាមរថយន្តសាមុយស្រុកកូនមុំ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ គតិ យុត្ត




































