រដ្ឋបាលខេត្តព្រះសីហនុ ជួបប្រជុំជាមួយក្រុមពលរដ្ឋ នៅតំបន់ឧទ្យាជាតិរាមដើម្បីផ្ទៀងផ្ទាត់ក្បាលដីនិងដោះស្រាយទំនាស់ជាប់ព្រំដើម្បីឈានដល់ការចេញបណ្ណ័ជូន បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀល។
កិច្ចប្រជុំនេះដែរធ្វើឡើងនៅព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩ ដឹកនាំសម្របសម្រួលដោយលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ,មន្ទីររៀបចំដែនដីនិងអាជ្ញាធរមូលដ្ឋាន ផងដែរ។
បើតាម លោក ឈិន សេងងួន អោយដឹងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យផ្ទៀងផ្ទាត់ក្បាលដី /សាវតាអ្នកកាន់កាប់ដីជាក់ស្តែងនិងដោះស្រាយទំនាស់ជាប់ព្រំដីគ្នា ដើម្បីឈានទៅសម្រេចផ្តល់បណ្ណ័ជូនពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវច្បាស់លាស់។
លោក បន្ថែមថា៖ការចុះបញ្ជីផ្តល់ប័ណ្ណកម្មសិទ្ធិដី ជូនប្រជាពលរដ្ឋដេីមដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងក្នុងតំបន់សហគមន៍ឧទ្យានជាតិព្រះសីហនុ “ រាម “ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងយោងតាមអនុក្រឹត្យលេខ ២១៧អនក្រ.បក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ និងយោងតាមលិខិតលេខ ១៦១១ដនស/អគ្គាធិ. ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
គួររំលឹកថា កន្លងមកក្រុមការងារបង្កើតដោយរដ្ឋបាលខេត្តព្រះសីហនុ ចុះបានវាស់វែងកំណត់ក្បាលដីរួចរាល់ ហើយគ្រោងនឹងចុះបញ្ជីជូនពលរដ្ឋស្របច្បាប់នៅពេលខាងមុខឆាប់ៗនេះ៕ (សាវ៉ុន)











































