ពលរដ្ឋក្រីក្រ១គ្រួសារទទួលអំណោយផ្ទះ១ខ្នងពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត!

0

ព្រះវិហារ៖ ផ្ទះឈើ១ខ្នង ទទឹង៥ម៉ែត្របណ្ដោយ៦ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះវិហារ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ហើយត្រូវបានធ្វើពិធីប្រគល់ជូនពលរដ្ឋក្រីក្រ១គ្រួសារ រស់នៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៩។

ក្នុងនោះក្រោមការអញ្ជើញរួមដំណើរដោយឯកឧត្តមប្រធាន អនុប្រធានសាខាកាកបាទក្រហមខេត្ត លោក ជា គឹមសេង គណៈអភិបាលស្រុកជាំក្សាន្ត និងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

លោក ប្រាក់ ភី មេឃុំស្រអែម បានឲ្យដឹងថាពលរដ្ឋដែលទទួលបានអំណោយពីឯកឧត្តមអ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះវិហារ នាឱកាសនោះមានឈ្មោះ ប៉ាក​ ចាន់លី​ អាយុ​៣៥ឆ្នាំ មានសមាជិក៤នាក់ក្នុងបន្ទុក(ស្រ្តីមេម៉ាយ) ជាគ្រួសារដែលទទួលរងគ្រោះដោយអគ្គីភ័យឆាបឆេះខ្ទេចអស់ផ្ទះ១ខ្នង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នាពេលកន្លងមក ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកមេឃុំបន្តថា អំណោយជាសម្ភារដែលបានផ្តល់ជូនបន្ថែមពីលើផ្ទះរួមមាន÷ អង្ករ៥០ គីឡូក្រាម មី២កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៉ីវ ១យួរ មុងសុវត្តិភាព១ មុងធម្មតា១ ភួយធំ១ ភួយតូច១ សារុង១ ក្រមា១ ចានសម្ល២ ចានបាយ៤/ស្លាបព្រា៤ កាទឹក១ ធុងទឹក១ ចានដែក១ កន្ទេល១ កាំបិតមុខពីរ១ និងថវិកាមួយចំនួន។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋជានិច្ច។ “ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែង”។

ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើរ ឲ្យបងប្អូនខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែម ដើម្បីសម្រាលជីវភាពរស់នៅ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការកាប់ឆ្ការសំអាតជុំវិញផ្ទះឲ្យបានស្អាត ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕សួនលីណា