រថយន្ត​ហាយ​ឡែន​ឌ័​របុក​ម៉ូតូ​ហុងដា​ឌ្រី​ម​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន របួស​ធ្ងន់​ស្រាល​២​នាក់​

ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​ដល់​ចំណុច​ផ្លូវបែក​ជា​បួន​មិន​បន្ថយល្បឿន ស្រាប់តែ​មាន​រថយន្ត​ហាយ​ឡែន​ឌ័​រមួយ​គ្រឿង​បើក​មក​បុក​ម៉ូតូ​ចំ​ពេញទំហឹង​បណ្ដាលអោយ​យុវជន​២​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​លេខ​១៥៥ កែង​និង​ផ្លូវ​៤៣២​ក្បែរ​របង​វិទ្យាល័យ​ទួល​ទំពូង ស្ថិតនៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ហាយ​ឡែន​ឌ័​រមួយ​គ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-6771 បើក​ធ្វើ​ដំណើរ​ដោយ​បុរស​ម្នាក់​និង​នារី​ម្នាក់ទៀត តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ស្របពេល​ជាមួយ​គ្នា​ដែរ​ក៏​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-5333 ជិះ​ដោយ​យុវជន​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៣២ ទិសដៅ​ពី​លិច​ទៅ​កើត យ៉ាង​លឿន​ដូចគ្នា ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​ត្រូវ​បាន​រថយន្ត​ហាយ​ឡែន​ឌ័​របុក​ចំ​មុខ​ពេញទំហឹង​ខ្ទាត​ម៉ូតូ​ទៅ​ជំ​ហៀ​ង បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ​ទាំង​២​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​ម៉ូតូ​ខូចខាត​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​រាន​ទេវតា​មុខផ្ទះ​ប្រជាពលរដ្ឋ​បោក​ផ្ទប់​និង​បង្គោល​ភ្លើង​ខូចខាត​ផ្ទុះ​ពោង​សុ​វត្តិភាព​ទាំង​២​និង​បែក​កង់​រថយន្ត​ចំនួន​៣​ទៅមុខ​លែងរួច ហើយ​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​២​នាក់​រងរបួស​ស្រាល​ក៏​បាន​គេច​ខ្លួន​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

1 2 3