អភិបាលខេត្ត​ត្បូងឃ្មុំ​ ចូលរួម​ពិធី​ចាប់ត្រីដោយប្រើឧបរណ៍បុរាណ​ ក្នុងបឹងក្រម ជាទំនៀមទម្លាប់តាំងពីដូនតា​ របស់​អ្នក​ស្រុក​មេមត់

0

ត្បូងឃ្មុំ​:​ តំបន់បឹងក្រម ជាតំបន់មួយដែលសម្បូរទៅដោយដើមកន្សែង ព្រៃរបោះ និងស្មៅស្គៀជាច្រើន (ទំហំជាង ២០ ហិតា) នៅរដូវវស្សាមានទឹកឡើងគ្របដណ្តប់លើព្រៃនោះទាំងអស់ ធ្វើឲ្យពូជត្រីមួយចំនួនឡើងមកសង្ងំពងក្នុងរដូវត្រីពងនៅតំបន់នោះ ។ នៅពេលរដូវទឹកស្រកវិញត្រីអស់ទាំងនោះធ្លាក់ទៅក្នុងបឹងក្រមនោះ ។ អ្នកស្រុកនៅឃុំជាំក្រវៀនបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន ក៏ក្លាយជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមព្រណីជាច្រើនទៀតជាច្រើន ដែលប្រតិបត្តិដោយអ្នកស្រុក ។

ជាក់ស្ដែង​នាព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាន​អញ្ជើញ​ចូលរួម​ជាមួយ​ប្រជាជនក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដេីម្បី​រៀប​ចំ​ពិធីចាប់ត្រីរួមគ្នាក្នុងបឹងក្រម ដូចរាល់ឆ្នាំ ។ ពិធីនេះធ្វើឡើងនៅបឹងមួយ ដែលអ្នកភូមិតែងតែអភិរក្សទុកមិនអនុញ្ញាតឱ្យនេសាទផ្តេសផ្តាសចាប់ពីខែមិថុនា ដើម្បីរក្សាត្រីទុកសម្រាប់ប្រារព្ធពិធីចាប់ត្រីដោយប្រើឧបករណ៍បុរាណប្រចាំឆ្នាំ ។ មេឃុំជាំក្រវៀន លោក អ៊ួច យឿន បានឱ្យដឹងថា ពិធីរកត្រីនេះធ្វើឡើងមួយឆ្នាំម្តហបន្ទាប់ពីឯកភាពពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ និងបានប្រកាសកំណត់ថ្ងៃរកត្រី ដើម្បីយកត្រីទៅធ្វើជាម្ហូម និងធ្វើអាហារសម្រាប់ញាំរៀងៗខ្លួន ។

លោកបន្តថា នៅក្នុងផ្ទៃបឹងទាំងមូលប្រហែលជា ១០០ បួនជ្រុង គឺមិនមានអនុញ្ញាតឲ្យនេសាទឡើយ ប៉ុន្តែប្រជាជនអាចនេសាទបាននៅបរិវេណខាងក្រៅបឹងនោះ យកទៅធ្វើម្ហូបហូបជាលក្ខណៈគ្រួសារបែបបុរាណដូចជា ម៉ង ទ្រូ លប សំណាញ់ ឈ្នាង អង្រុត ។ល។ រីឯឧបករណ៍អេឡិកត្រូនិចដូចជា ឆក់ បោកគ្រាប់ ថ្នាំបំពុល -ល- មិនអនុញ្ញាតឡើយ បើនៅបំពានត្រូវចាត់ខ្លួនដោះស្រាយតាមច្បាប់ ។ ចំណែកពេលវេលាមិនអាចកំណត់យកថ្ងៃណាមួយជាក់លាស់បានទេដោយអាស្រ័យលើទឹកបឹង (ក្នុងខែកុម្ភៈ ឬដើមមីនា) តែបើសិនទឹកបឹងនៅច្រើនក៏ពន្យាពេលរង់ចាំទឹកបឹងរីងដើម្បីអាចចាប់ត្រីបានច្រើន តែឆ្នាំនេះទឹកសមល្មមអាចឱ្យប្រជាជននេសាទត្រីបាន និងចំពេលវេលាល្មម ។ អ្នកភូមិដែលមកនេសាទទាំងអស់នោះមិនផ្តោតតែលើរកត្រីមួយមុខនោះដែរ គឺមកជួបជុំសប្បាយរីករាយ និងមានសាមគ្គីភាពកាន់តែស្និទ្ធិស្នាលរវាងប្រជាជននៅក្នុងភូមិថែមទៀតផង ។

ប្រជាពលរដ្ឋអ្នកភូមិនៅទីនោះបានឱ្យដឹងថា ការមកនេសាទត្រីនេះ នៅពេលដែលរកបានមួយចំនួនយកទៅធ្វើម្ហូម និងមួយទៀតធ្វើជាគរឿងក្លែមហូបជុំគ្នានៅកន្លែងបឹងក្រមនេះតែម្តង ។ តាមសម្តីរបស់ពលរដ្ឋបានបញ្ជាក់បន្ថែមថា ការរកត្រីនៅបឹងក្រមនេះមានជាយូរមកហើយ ចាស់ៗក្នុងភូមិបានធ្វើតគ្នាពីជំនាន់មួយទៅជំនាន់មួយ ហើយពិធីនេះនៅគង់វង្សដោយសារតែអ្នកភូមិបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃ នឹងបន្តទៅជំនាន់ក្រោយៗទៀត ៕