ក្រចេះ : លោក ហឿ ស៉ីយ៉ែម អភិបាលរងខេត្តក្រចេះ បានជម្រុញដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី និងភារៈកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដើម្បីឆ្លើយតបទៅតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
កាជម្រុញបែបនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ របស់សមាគមដើម្បីបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩ នៅសាលប្រជុំមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានចូលរួមពីលោក សយ កុសល ប្រធានសម្ព័ន្ធជាតិសមាគមក្រុមប្រឹក្សាក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ រួមនិងសមាជិកក្រុមប្រឹក្សាក្រុង ឃុំ សង្កាត់ទាំង៤៧នៅទូរទាំងខេត្ត ។
លោក គាង អ៊ាង ប្រធាន បានលេីកឡើងថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តក្រចេះ បានលើកឡើងថាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តក្រចេះ បានដើរតួនាទីជាអង្គភាពតំណាងឲ្យថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ តាមដាន និងជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សម្រេចបាននូវគោលបំណងនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើប្រតិភូកម្មមុខងារ និងធនធានមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការសម្រេច និងចាត់ចែងអនុវត្តមុខងារ តួនាទី និងការបង្កើននូវប្រសិទ្ធភាព នៃការធ្វើសេចក្ដីសម្រេចចិត្ត នៅក្នុងការគ្រប់គ្រងកិច្ចការនៅថ្នាក់មូលដ្ឋាន ។
លោកបន្តទៀតថាកិច្ចប្រជុំនាថ្ងៃនេះគឺជាកាឆ្លុះ បញ្ចាំងអំពីសកម្មភាពអនុវត្តការងារ និងការផ្សព្វផ្សាយខ្លួនបន្ថែមទៀត របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តក្រចេះជូនទៅដល់អស់លោក លោកស្រីប្រធាន និងសមាជិកសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរនៅក្នុងខេត្តក្រចេះ អំពីការលើកផែនការសកម្មភាព និងទិសដៅជាអាទិភាពរបស់សមាគម ដែលនឹងធ្វើឲ្យប្រសើរឡើងនូវការលើកកម្ពស់ជីវភាព ការអភិវឌ្ឍន៍សមត្ថភាព ការបង្កើនប្រសិទ្ធភាពការងារ ការតស៊ូមតិ និងការប្រមូលនូវរាល់បញ្ហាប្រឈមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តក្រចេះ ជាពិសេសបញ្ហាដែលពាក់ព័ន្ធទៅនឹងការអនុវត្តទៅលើការប្រើប្រាស់នូវកញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់ របស់ឃុំ សង្កាត់ទាំង៤៧ ក្នុងខេត្តក្រចេះ យើងនេះ ។
លោក ហឿ ស៉ីយ៉ែម អភិបាលរងខេត្តក្រចេះ
ក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាក្រុមប្រឹក្សាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តក្រចេះ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ចាប់តាំងពីការបង្កើត និងពង្រីកសមាគមនៅក្នុងឆ្នាំ២០១៣ រហូតមកដល់ថ្ងៃនេះ ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការប្រមូលផ្ដុំសម្លេងគ្នា ដើម្បីជជែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការតាក់តែងគោលន យោបាយ និងលិខិតបទដ្ឋានគតិយុទ្ធនានា ស្របតាមកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ ។ 
លោកក៍បានថ្លែងអំណរគុណចំពោះសម្ព័ន្ធភាពន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្តទទួលខុសត្រូវគ្រប់គ្រង តាមដាន និងការស្វែងរកដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដើម្បីជួយឧបត្ថម្ភថវិកាបន្ថែម និងការផ្ដល់វគ្គបណ្ដុះបណ្ដាល សមត្ថភាពជូនដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់នៅទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ៕ប៊ុន មនោ








































