ខេត្តឧត្តរមានជ័យ៖ មន្ត្រីអនុរក្សពន្ធនាគារ និងទណ្ឌិតប្រមាណ ៣០០នាក់ កំពុងប្រ ឈម នឹងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ។ ហើយនៅរសៀលថ្ងៃទី៩កុម្ភះម្សិលមិញ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា រួមជាមួយអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល បានដឹកនាំមន្ត្រីធនធានទឹក ចុះទៅកាន់ពន្ធនាគារខេត្ត ដែលកំពុងរងការគម្រាមកំហែងពីរដូវប្រាំង ។
ដំណើរចុះទៅកាន់ទីរាំងស្ងួត នៃពន្ធនាគារខេត្តរបស់ថ្នាក់ដឹកនាំនោះ គឺក្រុមការងារបានពិនិត្យពីស្ថានភាព ជុំវិញភាពរាំងស្ងួតខ្វះទឹកប្រើប្រាស់របស់មន្ត្រី និងទណ្ឌិតពន្ធនាគារខេត្ត ស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ហើយកង្វះទឹកប្រើប្រាស់របស់មន្ត្រីអនុរក្ស និងទណ្ឌិតពន្ធនាគារខេត្ត គឺកើតឡើងស្របពេលដែល ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំដល់គ្រប់បណ្តាអង្គភាព រាជធានី ខេត្ត ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់រៀបចំស្តុកទឹកទុកប្រើប្រាស់ ឲ្យបានគ្រប់គ្រាន់នៅក្នុងរដូវប្រាំងនេះ។ នៅគ្រានោះ ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចផ្តល់ស្រះទឹកថ្មីមួយ ជីកលើទំហំផ្ទៃដីជាង១ហិចតា ជូនដល់ពន្ធនាគារខេត្តសម្រាប់ប្រើប្រាស់។
ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ សៅ វ៉ាន់នី បានថ្លែងឲ្យដឹងថា នៅរយះពេលកន្លងមក ពន្ធនាគារបានប្រើប្រាស់ប្រភពទឹក ពីរណ្តៅដីដែលជីកយកសាច់ដីមកចាក់ធ្វើទីតាំងពន្ធនាគារ។ ប៉ុន្តែ នៅគ្រាបច្ចុប្បន្ន ទឹកដែលមាននៅក្នុងរណ្តៅដីនោះ បានរីងស្ងួតហួតហែងអស់ទៅហើយ ធ្វើឲ្យទាំងមន្ត្រីអនុរក្សពន្ធនាគារ និងទណ្ឌិតប្រមាណ ៣០០នាក់ កំពុងប្រឈម នឹងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃជាខ្លាំង។ លោកបានបញ្ជាក់ថា ក្រោយពេលទឹកក្នុងរណ្តៅដីនេះរីងហួតអស់នោះ ស្នងការដ្ឋាននគរបាលខេត្ត បានយករថយន្តពន្លត់អគ្គិភ័យ ដើម្បីដឹកជញ្ជូនទឹកទៅដាក់ពន្ធនាគារ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែ នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ។
អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល បានមានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតទឹកប្រើប្រាស់បែបនេះ រដ្ឋបាលខេត្តបានសម្រេចផ្គត់ផ្គង់ទឹកស្អាត១០ម៉ែត្រគូបក្នុង១ថ្ងៃ ដល់ពន្ធនាគារខេត្ត។ ចំណែក រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានឧបត្ថម្ភថវិកា១ពាន់ដុល្លារអាមេរិក ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីទិញស៊ីទែនទឹកចំនួន៣ គឺស៊ីទែនទឹក១ចំណុះ ៥ម៉ែត្រគីប សម្រាប់ស្តុកទឹក និង២ស៊ីទែនទៀត សម្រាប់បំពាក់លើរថយន្តបែន ដឹកជញ្ជូនទឹកទៅកាន់ពន្ធនាគារ គ្រាដែលស្រះទឹកនៅមិនទាន់បានជីកនៅឡើយ។
លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា នៅចំពោះមុខនេះ ស្រះទឹកមួយនឹងត្រូវបានជីក ដើម្បីស្តុកទឹកទុកប្រើប្រាស់គ្រប់រដូវកាល ក្រោមការចំណាយថវិការបស់ក្រសួងធនធានទឹក និងឧតុនិយម ។ ហើយស្រះទឹកនោះ នឹងត្រូវជីកនៅលើផ្ទៃដីមានទំហំជាង១ហិចតា មិនត្រឹមមន្ត្រីអនុរក្សពន្ធនាគារ និងទណ្ឌិតពន្ធនាគារខេត្តប៉ុណ្ណោះទេ ដែលមានទឹកប្រើប្រាស់ សូម្បីតែកងកម្លាំង និងប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់នោះ ក៏អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ នៅគ្រប់រដូវកាល ផងនោះដែរ ៕




































