កំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ចុះពិនិត្យកាសាងសង់ អាគារថ្មីមួយខ្នងទៀត ដែលកំពុងតែត្រូវបានសាងសង់ នៅអង្គភាពវរសេនាតូចលេខ១ ដែលជាជំនួយឧបត្ថម្ភ របស់ខ័ណ្ឌទី៨ នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមីញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ ២០១៩ ស្ថិតនៅភូមិតាឡែកថ្នី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
អគារថ្មី ដែលកំពុងតែសាងសង់នេះ មានទំហំ១៩៤ ម៉ែត្រការ៉េ សាងសង់ពីបេតុងប្រក់ក្បឿង ខណៈនេះ បាន៨០% ហើយ ដែលគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ជាមួយអគារចំនួន៩ខ្នងផ្សេងទៀត ដែលបានផ្តល់ជូនគ្រប់ផ្នែកសឹករង ក្រុង ស្រុក ទាំង៨ និងវរសេនាតូចទាំង២ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ។
លោកវរសនីយ៍ទោថនស៊ី សក្តា មេបញ្ជាការវរសេនាតូចលេខ១បានបញ្ជាក់ថា ទីតាំងអង្គភាពវរសេនាតូចលេខ១ អតីតកាល និងបច្ចុប្បន្ន បានប្រែមុខមាត់ថ្មី ពីនាយទាហាន និងពលទាហាន ប្រជុំក្រោមដើមឈើ រៀនក្រោមដើមឈើ និងជាទីកន្លែងសុទ្ធតែជាព្រៃរបោះ ទឹកជាំលិច ស្ងាត់ជ្រងំ តែពេលនេះ កងកម្លាំងទាំងអស់មកប្រជុំនៅក្នុងអាគារដ៏ល្អប្រណិត ។
មិនតែប៉ុណ្ណោះដោយមានការគាំទ្រ ពីសំណាក់ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យមានកិច្ចសហការជាមួយ ភាគគីមិត្តវៀតណាម រួមទាំងសម្បុរសជន ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ក្នុងខេត្ត និងក្រៅខេត្ត បានកសាងសមិទ្ធផល នៅក្នុងទីតាំងអង្គភាពវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដូចជាអគារធ្វើការងារ អគារស្នាក់នៅ សាលប្រជុំឃ្លាំងសម្ភារៈ អគារកងការពារ និងអគារហូបបាយសម្រាប់កងទ័ព មានផ្លូវថ្នល់ខ្វាត់ខ្វែង អគ្គីសនីបំភ្លឺព្រោងព្រាត សមិទ្ធផលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែង របស់ឯកឧត្ដមឧត្ដមសេនីយ៍ទោសោម ស៊ុនដែលបានខឹតខំប្រឹងប្រែងគៀងគរសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស ។
នៅក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃអង្គភាពវរសេនាតូចលេខ១ និងក្រុមជាងដែលកំពុងសាងសង់អគារ ឯកឧត្ដមឧត្ដមសេនីយ៍ទោសោម ស៊ុន បានលើកទឹកចិត្តនិងបានផ្តល់ជូន អង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន ៥ កេស ផងដែរ ក្នុងនោះកងកម្លាំង និងក្រុមគ្រួសារវរសេនាតូចលេខ១ មានសេចក្ដីត្រេកអរយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលបានកើតឡើងនៅក្នុងទីតាំងអង្គភាពវរសេនាតូចលេខ១។ ដោយ ប៊ុន រដ្ឋា





































