អភិបាល​ខេត្តកំពង់ចាម​ ស្នើឲ្យមន្ទីររៀបចំដែនដី ដាក់​បញ្ចូល​សេវា​ចុះ​បញ្ជី​ដីធ្លី​ ក្នុង​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​

0

កំពង់ចាម​:​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បេីកអង្គ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​ និង​លេីក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​ របស់​មន្ទីរ​រៀបចំ​ដែនដី​ នគរ​រូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នាព្រឹក​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​សាលប្រជុំ​ធំ​សាលាខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ អភិបាល​រង​ខេត្ត​ លោក​ លោកស្រី​ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ជា​ច្រើន​រូប​ផង​ដែរ​។
បន្ទាប់ពី​លោក ធួន ជេដ្ឋា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរួមមក ឯកឧត្តម គួច ចំរើន បានស្នើដល់ថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រី នៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដី ខេត្តកំពង់ចាម ចំនួន ៩ចំណុច រួមមាន ៖

១.ត្រូវពង្រឹង និង អភិវឌ្ឍន៍សមត្ថភាព ផ្នែកបច្ចេកវិទ្យាថ្មីៗជាប្រចាំ លើវិស័យសំណង់ និងសុរិយោដី ដើម្បីអោយក្លាយជាធនធានដ៏មាន ប្រសិទ្ធភាព សំដៅសម្រេចភារកិច្ចជូនថ្នាក់ដឹកនាំ និងប្រជាជន។
២.ពន្លឿនការងារចុះបញ្ជី ផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ទូទាំងខេត្ត។
៣.ខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្តុំប្រជាជន អោយមានជំនឿ និងចូលរួមក្នុងសកម្មភាពការងារនេះអោយបានខ្លាំងក្លា។៤.ត្រូវខិតខំដោះស្រាយ សម្របសម្រួល បញ្ហាវិវាទដីធ្លីនៅទូទាំងខេត្តកំពង់ចាម និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ អោយមានការថយចុះជាអតិបរមា។៥.ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ អោយមានប្រសិទ្ធិភាព ព្រោះជាការងារមួយដែលមន្ទីរ និង ការិយាល័យជំនាញត្រូវអនុវត្តអោយបានទន់ភ្លន់ និង ម៉ឺងម៉ាត់តាមច្បាប់ លិខិតដ្ឋាននានា ដែលមានស្រាប់។ ៦.ត្រូវសហការអោយបានជិតស្និទជាមួយសាខាពន្ធដារខេត្ត ដើម្បីប្រមូល ពន្ធប្រថាប់ត្រា អោយមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។
៧.ពង្រឹងការងារផ្តល់សេវាសាធារណៈ​ ជូនដល់ប្រជាពលរដ្ឋ ព្រោះការងារនេះ មានសារៈសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យសំណង់ និងសុរិយោដី ទូទាំងខេត្ត។ ៨.ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងមន្ទីរ ត្រូវលើកកំពស់យុត្តិធម៌ និងសមធម៌​ ដោយមិនមាន​ការ​រើសអើង។និងចំណុចទី.៩ គឺផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះមន្ទីរ ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបាន ស្នាដៃធំៗបន្តទៀត និង សូមប្រកាន់ខ្ជាប់នូវអភិក្រមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងបាវចនាពីរទៀតគឺ “កែទំរង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។
ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​អភិបាល​ខេត្ត​ ក៏បាន​ស្នេី​ឲ្យ​មានការ​ដាក់​បញ្ចូល​សេវា​ចុះ​បញ្ជី​ដីធ្លី​ ក្នុង​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែមានការ​ងាយស្រួល​ ផងដែរ​ ៕