សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០១៩

0

ខេត្តកំពត : នៅព្រឹកថ្ងៃទី ១១ខែកុម្ភៈ ឆ្នាំ២០១៩សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៩ ក្រោមអិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។ 

កិច្ចប្រជុំនេះមានរយៈមួយព្រឹកដោយមានសមាសភាពចូលរួម ពីប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយសនិងប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨និងក្រុមប្រតិបត្តសាខាសរុប៤២នាក់ដោយបានផ្ដោតលើរបៀប វារៈសំខាន់ៗ៖
១-ការពិភាក្សានិងអនុម័ត លើរបាយការណ៍ឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩។
២-ពិភាក្សារៀបចំសន្និបាតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អាណត្តិទី៥។
៣-ពិភាក្សារួមលើការរៀបចំទិវា៨ឧសភាឆ្នាំ២០១៩។
លោកវេជ្ជៈបណ្ឌិត កែវ សុផាន់នាយកប្រតិបត្តិសាខាកាកបាទក្រហម កម្ពុជាខេត្តកំពត បានអោយដឹងអំពីរបាយការណ៍លទ្ធផលការងារក្នុងវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជាដែលសាខាកាកបាទក្រហមខេត្តកំពតបានអនុវត្តនៅក្នុងឆ្នាំ២០១៨កន្លងមក ក្នុងនោះរួមមានការងារ លើការគ្រប់គ្រង គ្រោះមហន្តរាយ ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ការងារលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌និង ការងារអភិវឌ្ឍស្ថាប័ននិងធនធានដោយក្នុងនោះសម្រេចបានលទ្ធផលគួរអោយកោតប្រសើរ។

ទន្ទឹមនឹងនោះក៏បានដាក់ចេញនូវទិសដៅបង្កើនការអនុវត្តសកម្មភាពបន្តទៀតក្នុងឆ្នាំ២០១៩ ដោយផ្សារភ្ជាប់នូវវិស័យស្នូលទាំង៤ខាងលើអោយបានកាន់តែចំគោលដៅនិងមានប្រសិទ្ធភាពល្អប្រសើរថែមទៀតផងដែរ។
គួរជំរាបថា៖តាមរបាយការណ៍លទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨កន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានទទួល សមាជិកភាពពីសប្បុរសជន តាមមន្ទីរ អង្គភាពចាប់ពីថ្នាក់កិត្តិយសរហូតដល់សមាជិកភាពពីថ្នាក់លេខ១ដល់ថ្នាក់លេខ៧សរុប ចំនួន ១០.២២២នាក់ និងទទួលបានទឹកប្រាក់សរុបចំនួន ៦៧.៣៧៥.០០០រៀល។