កំពង់ចាម: បន្ទាប់ពីទទួលបានព័ត៍ថាមានករណីបាត់ក្មេងស្រីម្នាក់ នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ដោយមិនដឹងមូលហេតុ នៅវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅដល់ទីតាំងកេីតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃដដែល ស្រាប់តែមានប្រជាពលរដ្ឋ បានប្រទះឃើញក្មេងស្រីរងគ្រោះនោះ បានលង់ទឹកព្រែកក្រោយភូមិ ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ ស្វពថ្ងៃរស់នៅជាមួយលោកយាយ-លោកតា នៅឯភូមិកេីតហេតុខាងលេី ដោយឪពុកចញ្ចឹមឈ្មោះ ស្រ៊ាន ចំរេីន និងម្តាយឈ្មោះ ធី សុខឡូត មានមុខរបររកស៊ីនៅរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា ករណីនេះបានកេីតឡេីងនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ដោយបាត់ខ្លួនចៅស្រី មិនដឹងជាទៅទីណា ក៏ឆោឡោស្រែកឲ្យអ្នកភូមិជួយរក តែរកមិនឃេីញ រហូតដល់វេលាម៉ោង១១ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខណៈដែលឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវដោយផ្ទាល់ ស្រាប់តែមានប្រជាពលរដ្ឋ បានប្រទះឃើញសពក្មេងស្រីរងគ្រោះ នៅអណ្តែតទឹកព្រែកក្រោយភូមិចម្ងាយប្រមាណជា៥០ម៉ែត្រពីផ្ទះ មិនដឹងជាស្លាប់តាំងពីពេលណានោះទេ។

ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ ពិនិត្យលើរាងកាយសពក្មេងស្រីរងគ្រោះ ដោយពុំឃើញមានស្លាកស្នាមអ្វីនោះទេ ហេីយក៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕




































