កំពង់ចាម៖ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រែរបស់បងប្អូនប្រជាកសិករយើង ស្ថិតនៅក្នុងភូមិ ឃុំ និងស្រុកបាធាយ ដោយបានសំណូមពរឲ្យពួកគាត់ ជួយផ្សព្វផ្សាយ និងកុំបន្តធ្វើការដាំដុះស្រូវប្រាំជាលើកទី២ នាំឲ្យមានការខាតបង់ទទេ ព្រោះប្រទេសកម្ពុជាយើងនឹងប្រទះជួបគ្រោះរាំងស្ងួត នាពេលខាងមុខនេះជាក់ជាពុំខាន ដែលនឹងមិនមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ធ្វើការស្រោចស្រព នាំឲ្យប៉ះពាល់ដល់ពពួកសត្វចិញ្ចឹម និងសត្វព្រៃផងដែរ។
នាឱកាសចុះពិនិត្យជាក់ស្ដែងចំពោះការធ្វើស្រែប្រាំរបស់បងប្អូនប្រជាកសិករយើងនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានធ្វេីការសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យពង្រីកធ្វើការដាំដុះបន្ថែមតទៅទៀត នាំឲ្យតែមានការខាតបង់ទាំងថវិកា និងពេលវេលានោះទេ ព្រោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសរួចមកហើយ ថាប្រទេសកម្ពុជាយើងនឹងមានគ្រោះរាំងស្ងួត នារដូវប្រាំងក្នុងឆ្នាំនេះ ដែលនឹងមិនមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ធ្វើការស្រោចស្រពនោះទេ ថែមទាំងអាចប៉ះពាល់ដល់ត្រីក្នុងទឹក និងសត្វស្វានៅលើចុងឈើទៀតផង ដូច្នេះបងប្អូនត្រូវរក្សាគ្រាប់ពូជ ទុកសម្រាប់ធ្វើការសាបព្រោះ នៅពេលមានទឹកគ្រប់គ្រាន់ ឬនៅឆ្នាំក្រោយទៀតប្រសើរជាង។ 
គួររំលឹកផងដែរថា ជារេីយៗ ឯកឧត្តមអភិបាលខេត្ត តែងតែលើកឡើងក្នុងអង្គប្រជុំនានា ដើម្បីធ្វើការជំរុញដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវជួយធ្វើការផ្សព្វផ្សាយ សូមឲ្យប្រជាពលរដ្ឋ កុំបន្តធ្វើការសាបព្រោះស្រូវប្រាំជាលើកទី២ ព្រោះគ្រោះរាំងស្ងួតនឹងកេីតមានឡើងក្នុងខែមេសានិងឧសភា ខាងមុខនេះ ដែលនឹងមិនមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំកសិផលនោះទេ ថែមទាំងអាចខ្វះខាតទឹក ហេីយប៉ះពាល់ដល់សត្វចិញ្ចឹម និងសត្វព្រៃទៀតផង។ ដោយខេត្តកំពង់ចាមយើងធ្លាប់ប្រទះគ្រោះរាំងស្ងួតម្តងរួចមកហើយ កាលពីឆ្នាំ២០១៦កន្លងទៅ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍នានា បានជួយឧបត្ថម្ភជីកអណ្តូងទឹកជាច្រើនកន្លែង ដូច្នេះសូមឲ្យមន្ត្រីយេីងចុះទៅពិនិត្យមើល តើវាមានការខូចខាតអស់ប៉ុន្មាន ហេីយនៅសេសសល់ប៉ុន្មានអណ្តូង ត្រូវប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ ដើម្បីធ្វើការស្តាឡើងវិញ ទុកជូនប្រជាពលរដ្ឋយកទឹកប្រើប្រាស់។ ជាពិសេសទៀតនោះ គឺជំរុញដល់សេវាក ត្រូវខិតខំតបណ្ដាញទឹក ទៅដល់តំបន់នានាដែលមិនទាន់មានទឹក ឲ្យបានឆាប់រហ័សផងដែរ ៕





































