អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យឆ្នេរសមុទ្រ ដើម្បីជំរុញសកម្មភាពការងារកែលម្អហេដ្ឋារចនាសម្ពន្ធ័តាមតំបន់ឆ្នេរឲ្យមានសោភ័ណភាព

0

ព្រះសីហនុ៖ នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អមដោយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីតាមមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទូទៅ នៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួន ក្នុងក្រុងព្រះសីហនុ ដូចជា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងអាងច្រោះទឹកស្អុយនៅក្បែរបន្ទាយអាវុធហត្ថផងដែរ។

ឯកឧត្តម យន្ត មីន បានថ្លែងថារដ្ឋបាលខេត្តព្រះសីហនុ នឹងជំរុញសកម្មភាពរៀបចំទាំងសោភ័ណភាព សណ្តាប់ធ្នាប់ និងបរិស្ថានអនាម័យ នៅតាមឆ្នេរសមុទ្រទាំងអស់ ឲ្យបានប្រសើរថែមទៀត សម្រាប់បម្រើដល់វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ។
ដោយអនុលោមតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
ឯកឧត្តម យន្ត មីន បានបន្ថែមថាចំពោះ អូរ ប្រឡាយ ដែលមានទីតាំងនៅជាប់ឆ្នេរសមុទ្រ ក៏នឹងត្រូវរៀបចំស្តារអភិវឌ្ឍព្រមៗគ្នាដែរ ដើម្បីទប់ស្កាត់មិនឲ្យទឹកស្អុយ ឬទឹកកខ្វក់ហូរត្រង់ ចូលទៅសមុទ្រដោយមិនបានច្រោះជាតិពុលនោះទេ។

អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់បន្ថែមថា រាល់ថ្ងៃនេះ ខេត្ត កំពុងតែស្ថាបនាប្រព័ន្ធអាងប្រព្រឹត្តកម្ម ចម្រោះទឹកកខ្វក់ចំនួន៤កន្លែង ដំាណាក់កាលបន្តទៀតក៏មានទីតាំងគោលមួយចំនួនទៀតដែលគ្រោងធ្វើអាងចម្រោះទឹកកខ្វក់នេះដែរ សម្រាប់ស្តុកទឹកកខ្វក់ ឬទឹកស្អុយ ដើម្បីច្រោះទឹកស្អុយឲ្យបានស្អាតជាមុនៗ នឹងបង្ហូរចូលទៅក្នុងសមុទ្រ។
ទន្ទឹមនោះទីតាំងអាជីវកម្មនានាក៏តម្រូវអោយធ្វើអាងចម្រោះផងដែរដើម្បី បញ្ចៀងបញ្ហាទឹកកខ្វក់និងឈានទៅកាត់បន្ថយការបំពុលបរិសា្ថនតាមឆ្នេរនិងសមុទ្រ៕