(ស្វាយរៀង)៖ យ៉ាហោចណាស់ចំការអំពៅស្ករចំនួន៨៣ហិកតាត្រូវបានអណ្តាតភ្លើងឆេះម៉ត់ស្ទើរសល់តែផេះផង់របស់ក្រុមហ៊ុនចំនួន២ស្ថិតនៅក្នុង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ករណីភ្លើងឆេះចំការអំពៅនេះ បានកើតឡើងកាលពីវេលាម៉ោង១១:១០នាទី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមលោក កុយ សារ៉េន ម្ចាស់ចំការអំពៅបានឲ្យដឹងថា មុនពេលមានភ្លើងឆេះគេឃើញមានកម្មករកំពុងកាប់អំពៅ និងមានម៉ាស៊ីនច្រូតក៏កំពុងតែច្រូតផងស្រាប់តែសុខៗមានជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅហើយស្លឹកអំពៅហោះរាយប៉ាយពិបាកគ្រប់គ្រងខ្លាំងណាស់។
លោកបានបន្តទៀតថា ខណៈដែលភ្លើងកំពុងឆេះនោះក្រុមកម្មករនាំគ្នារត់មកការដ្ឋានដើម្បីមកយកអាត្រាក់ទ័រភ្ជួរកាត់ចំការអំពៅនិងបាញ់ទឹកប៉ុន្តែមិនបានជោគជ័យនោះទេដោយសារមានខ្យល់បក់ហើរស្លឹកអំពៅដែលឆេះមកកាត់មុខអាត្រាក់ទ័រ ហើយការឆេះនោះវាលឿនពេកកម្មករស្ទើររត់ពុំរួចផង។ ហេតុការណ៍នេះ បណ្តាលឲ្យឆេះអស់ចំនួន 57 ហិចតានិងក្រុមហ៊ុន សុផាត សំណាង អស់ចំនួន 26 ហិចតាផងដែរ។
លោកបានបញ្ជាក់ទៀតថា ភ្លើងរលត់ទៅវិញនៅម៉ោង ២:២០ នាទីរសៀល ហើយមូលហេតុបណ្តាលឲ្យឆេះនេះមិនដឹងច្បាស់ថាជាករណីឆេះដោយសារធម្មជាតិ ឬមានអ្នកលួចដុត ឬជក់បារីបោះកន្ទុយបារីនោះទេ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
សូមបញ្ជាក់ថាចំការអំពៅតែងតែអគ្គិភ័យឆេះជាច្រើនលើកជាច្រើនសារមកហើយអោយតែដល់រដូវប្រាំងចូលមកដល់ ដែលបណ្តាលអោយក្រុមហ៊ុនដាំអំពៅទាំងនោះមានការខាតបង់ផងដែរ៕
ដោយ នុត នាង




































