ខេត្តព្រះសីហនុ៖ ការថ្លែកោតសរសើរនេះបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩កាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគៈពង្រឹងខេត្តព្រះសីហនុ។
ឯកឧត្តម កឹម ស៊ីថន មានប្រសាសន៍ថា ខេត្តព្រះសីហនុ បើទោះជាមានមានបញ្ហាស្មុគស្មាញច្រើនជាពិសេសបញ្ហាទំនាស់ធ្លី ប៉ុន្តែ ឯកឧត្តម នៅតែមានការកោតសរសើរដល់ ឯកឧត្តម យន្ត មីន ថាបានខិតខំធ្វើអោយខេត្តព្រះសីហនុ មានការរីកចំរើនយ៉ាងលឿនស្ទើរមិននឹកស្មានដល់។
មួយវិញទៀត ឯកឧត្តម កឹម ស៊ីថន សំដែងការគាំទ្រ ចំពោះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ថាមានសមត្ថភាពក្នុងការទប់ទល់និងដោះស្រាយបញ្ហាបានល្អនិងមានការគាំទ្រច្រើនពីមជ្ឍដ្ឋានមហាជន។
គួរកត់សំគាល់ខេត្តព្រះសីហនុក្នុងរយៈកាលបីឆ្នាំចុងក្រោយនេះ បានប្រមុខមាត់រីកចំរើនលឿនគួរកត់សំគាល់។ក្រុមអ្នកវិនិយោគជាច្រើនបានមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាខេត្តបំពង់កសេដ្ឋកិច្ចនិងជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់កម្ពុជា។
ផលនៃវិនិយោគទុននេះបាននឹងកំពុងធ្វើអោយខេត្តព្រះសីហនុ ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ជីវភាពប្រជាជនក៏មានភាពប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។សំណង់អាគារតូចធំខ្ពស់ៗកំពូងបណ្តែតខ្លួនព្រោងព្រាតស្ទើរគ្រប់កន្លែងក្នុងក្រុងព្រះសីហនុ។
បើតាម ឯកឧត្តម យន្ត មីន បានបង្ហាញសុទិដ្ឋិនិយមថានៅថ្ងៃអនាគត់ខេត្តព្រះសីហនុ នឹងក្លាយទៅជាខេត្តប្រណិត និងស៊ីវិល័យមួយរបស់ប្រទេសកម្ពុជា ខណៈដែលពេលនេះកំពុងបោះជំហានទៅរកភាពទំនើបទាន់សម័យជាបណ្តើរៗក្រោមបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោជាប្រមុខដឹកនាំដ័ឈ្លាសវៃ៕
(ដោយ ខៀវ សាវ៉ុន)