ក្រចេះ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលសាលាខេត្តក្រចេះបានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រកាសនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីរជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិអោយមានសមត្ថភាពវិជ្ជាជីវៈក្នុងការបំពេញការនិងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ដែលសិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការមកពីទីចាត់ការទាំងប្រាំចំណុះសាលាខេត្ត និងមន្រ្តីរាជការរដ្ឋបាលសាលាក្រុងស្រុកទាំង៦ក្នុងខេត្ត ។
ការៀបចំសិក្ខាសាលានេះមានគោលបំណង ក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិអោយមានសមត្ថភាព វិជ្ជាជីវៈក្នុងការបំពេញការងារនិងបម្រើសេវាសាធារណះជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ។ ការអភិវឌ្ឍន៍សមត្ថភាពសំដៅដល់ដំណើរការអនុវត្តបង្កើនសមត្ថភាពមន្រ្តីរាជការតាមរយះ ការកសាងចំណេះដឹង ជំនាញ និងលទ្ធភាពបំពេញការងារ ការផ្លាស់ប្តូរជាបន្តបន្ទាប់នូវអកប្បកិរិយានិងឥរិយាបថក្នុងការបំពេញការងារ ព្រមទាំងតម្រូវអោយមន្ត្រីរាជការស៊ីវិលគ្រប់រូបនៅថ្នាក់ក្រោមជាតិត្រូវចូលរួមអភិវឌ្ឍសមត្ថភាពជាកាតព្វកិច្ច និងរៀបចំអោយមន្រ្តីគ្រប់រូបទទួលបានការអភិវឌ្ឍសមត្ថភាពប្រចាំ ស្របតាមការវិវត្តន៏នៃគោលនយោបាយសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា ។
ឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរងខេត្តមានប្រសាសន៏ថា ៖ ដើម្បីអោយប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើពីមន្ត្រីរាជការស៊ីវិលប្រកបដោយសមត្ថភាពវិជ្ជាជីវៈ សូមអោយមន្ត្រីរាជការស៊ីវិលគ្រប់រូបដែលកំពុងការងារនៅថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់សមត្ថភាពនិងធនធានមនុស្ស ដោយសម្រេចគោលដៅ៣យ៉ាងរួមមាន កាលើកកម្ពស់គុណភាពកម្មវិធីអភិវឌ្ឍសមត្ថភាព ពង្រឹងគុណភាពនៃការស្រាជ្រាវ និងពង្រឹងប្រសិទ្ធភាពនៃយន្តការអភិវឌ្ឍសមត្ថភាព ។
ឯកឧត្ដម មានប្រសាសន៏បន្តថា ៖ ការអភិវឌ្ឍសមត្ថភាពមន្ត្រីតាជការស៊ីវិលគឺជាផែនការយុទ្ធ សាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលដែលមានចក្ខុវិស័យ គោលបំណងនិងគោលដៅយ៉ាងច្បាស់លាស់ សម្រាប់អោយមន្ត្រីរាជការអនុវត្តន៏អោយមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីអោយប្រជាពលរដ្ឋមានជំនឿទុកចិត្តនិងស្របតាមការអនុវត្តន៏អោយបាននូវអភិក្រមទាំង៥របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីដែលរួមមាន ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវ៉ះកាត់ ។ដោយ ម៉េង គាង





































