កំពង់ធំ៖ ករណីភ្លើងឆេះផ្ទះមួយខ្នង បានកើតឡើងដោយសារតែម្ចាស់ផ្ទះ មានការធ្វើសប្រហែស ក្នុងការអុជ ធូបបន់ស្រន់ តែភ្លេចពន្លត់ភ្លើងធូប បណ្តាលឲ្យ ភ្លើងឆេះជើងធូប ហើយឆេះរាលដាល់ដល់សម្ភារៈក្នុងផ្ទះ ហើយឈានដល់ឆេះផ្ទះទាំងស្រុងតែម្តង ទើបបង្ករឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក្នុងភូមិ នាំគ្នា មក ជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើង កាលពីវេលាម៉ោង ០៩:៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩។
តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច ពន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ បានបញ្ជាក់ថា ក្នុងករណី ភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋនេះ រថយន្តពន្លត់អគ្គីភ័យ ប្រចាំអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ ពុំបានចេញទៅជួយពន្លត់អគ្គីភ័យនេះទេ ដោយមូលហេតុ ដោយសារតែទទួលព័ត៌មាន មានការយឺតយ៉ាវ ធ្វើឲ្យភ្លើងឆេះផ្ទះដែលមានទំហំ ៥មx៦ម ធ្វើអំពីថ្ម ប្រក់ប្រូស៊ីម៉ង់ ដែលជាផ្ទះរបស់ ឈ្មោះ ដែក អ៊ី ភេទស្រី អាយុ៦៨ឆ្នាំ បណ្តាលឲ្យខូចខាត: មានគ្រែធ្វើអំពីឈើកកោះចំនួន០១គ្រឿង ទូឈើចំនួន០១គ្រឿង ពូកចំនួន០១ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតស្ថិតនៅ ភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍។
បន្ទាប់ពី ភ្លើងបានរលត់អស់ សមត្ថកិច្ច នៃអធិការស្រុកបារាយណ៍ បានចុះពិនិត្យទីតាំងភ្លើងឆេះ ផ្ទះ របស់ ស្រ្តីវ័យចំណាស់ម្នាក់ និងបានកំណត់មូលហេតុ នៃការបង្ករឲ្យមានភ្លើងឆេះផ្ទះនេះ គឺបណ្តាលមកពី ធ្វេសប្រហែសក្នុងការអុជភ្លើងធូប ក្នុងនោះសមត្ថកិច្ច នៃអធិការស្រុកបារាយណ៍ ក៏បានសំណូមពរឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ អគ្គីភ័យកើតឡើង ក្នុងរដូវក្តៅនេះ មុនចាក់ចេញពីផ្ទះ។
ដោយ ប៊ុន រដ្ឋា

–




































