ព្រះវិហារ៖ គ្រឿងចក្ររបស់ពលរដ្ឋ ដែលកំពុងកាយ ដីយកលក់បានប្រទះឃើញក្បាលគ្រាប់ប្រភេទ១០៥ មីល្លីម៉ែត្រចំនួន៣គ្រាប់ ដែលបន្សល់ទុកកាលពីសម័យសង្គ្រាម។ ករណីប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទុះនេះកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
លោក សេត សែន មេឃុំរំដោះស្រែបានឱ្យដឹងថា នៅមុនពេលប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទះខាងលើនេះ គ្រឿងចក្របានកាយដីប៉ះក្បាលគ្រាប់ចំនួន១គ្រាប់ ស្របពេលកំពុងកាយអាចម៌ដីយកទៅលក់។ និងក្បាលគ្រាប់២គ្រាប់ទៀតទៀត ត្រូវប្រជាពលរដ្ឋបានប្រទះឃើញក្បាលគ្រាប់២គ្រាប់ទៀតនៅក្រោមដើមឈើ។
លោកមេឃុំបន្តថា សំណាងណាស់ ដែលការកាយប៉ះចំហៀងគ្រាប់ បើកាយប៉ះក្បាលគ្រាប់វិញពិតជាផ្ទុះមិនខានឡើយ។ ក្រោយពីប្រទះឃើញក្បាលគ្រាប់ទាំងនេះ លោកក៏បានទាក់ទងទៅខាងស៊ីម៉ាក់ ដើម្បីឲ្យមកទទួលយកក្បាលគ្រាប់ទាំង៣នេះទៅរក្សាទុក។
ជាមួយគ្នានោះមន្រ្តីសុីម៉ាក់ ក៏បានធ្វើការផ្សព្វផ្សាយដល់សមត្ថកិច្ច និងអាជ្ញាធរដែនដីទាំងអស់ ពិសេសប្រជាពលរដ្ឋសិក្សានុសិស្ស ត្រូវយកចិត្តទុកដាក់ខ្ពស់ចូលរួមសហការណ៍ ក្នុងការផ្តល់ព័ត៍មាននៅពេលដែលប្រទះឃើញក្បាលគ្រាប់ ឬគ្រាប់មិនទាន់ផ្ទុះ ដោយមិនត្រូវរើសយកទៅកែច្នៃជាដាច់ខាត ព្រោះវានិងធ្វើឲ្យខ្លួនយើង ក៏ដូចជាគ្រួសារយើងជួបគ្រូថ្នាក់ជាយថាហេតុ៕សួនលីណា









































