ព្រះវិហារ៖ប្រជាពលរដ្ឋក្នុងសហគមដំឡូងមីសរីរាង្គ(ដំឡូងអត់ប្រើជីគីមី)ខេត្តព្រះវិហារបានលក់ឱ្យក្រុមហ៊ុនតាមកិច្ចសន្យាប្រសើរជាងលក់ឱ្យឈ្មួញខាងក្រៅដោយមានសុវត្ថិភាពតម្លៃ។មួយរយៈនេះកសិករដែលបានចុះកិច្ចសន្យាលក់ដំឡូងមីសរីរាង្គជូនក្រុមហ៊ុនក្នុងខេត្តព្រះវិហារកំពុងតែមមាញឹកក្នុងការប្រមូលផលដំឡូងរបស់ខ្លួនក្រោយពីដាំដុះអស់រយៈពេលជាច្រើនខែកន្លងមក។
លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងថាដំឡូងមីសរីរាង្គស្រស់ប្រភេទលេខ១ដែលប្រជាពលរដ្ឋបានចុះកិច្ចសន្យាព្រមព្រាងលក់ឱ្យក្រុមហ៊ុនប្រភេទលេខ១បានតម្លៃ៣៦៨រៀលក្នុងមួយគីឡូក្រាម។ប្រភេទលេខ២បានតម្លៃ៣៥២រៀលក្នុងមួយគីឡូក្រាម។ដែលតម្លៃនេះមានភាពប្រសើរជាងលក់ឱ្យឈ្មួញនៅខាងក្រៅ មិនតែប៉ុណ្ណោះមានសុវត្ថិភាពតម្លៃទោះបីទីផ្សារដំឡូងមានការធ្លាក់ចុះក៏ដោយ។
លោកប្រធានមន្ទីរកសិកម្មបានឱ្យដឹងទៀតថាកិច្ចសន្យាផលិតកម្មដំឡូងមីសរីរាង្គស្រស់របស់សហគមកសិកម្មក្នុងខេត្តព្រះវិហារមានចំនួន៨សហគមន៍សម្រាប់លក់ឱ្យក្រុមហ៊ុន។សាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC)ក្នុងបរិមាណ១០.៧៤៨តោនដែលមានកសិករផលិតចំនួន៥៧៧គ្រួសារនិងមានផ្ទៃដីផលិតសរុប ៧៨.៩០១ហិកតា។
ផ្អែកតាមទិន្នផលដែលប្រជាសហគមផលិតបាននៅក្នុងឆ្នាំនេះលោកពឹងទ្រីដារំពឹងថានៅឆ្នាំក្រោយនឹងមានសហគមន៍ផ្សេងទៀតផលិតដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនតាមកិច្ចសន្យាមានការកើនឡើងជាក់ជាមិនខានព្រោះដោយសារមានតម្លៃថេរតាមអ្វីដែលបានចុះកិច្ចសន្យាជាមួយគ្នា។លើសពីនេះមិនបាច់កាប់ចិញ្ច្រាំហាលថ្ងៃនោះទេ៕ ដោយ សួនលីណា