ខេត្តកំពង់ធំ ៖ ដើម្បីបំប៉ននូវយុទ្ធវិធីក៏ដូចជាការសំលៀងយុទ្ធសាស្ត្ររបស់កងយោធពលខេមរៈភូមិន្ទ គឺចាំបាច់ត្រូវតែពឹងផ្អែកទៅលើការហ្វឹកហ្វឺន ឲ្យក្លាយទៅជាយុវជនដ៏អង់អាចក្លាហានរាងកាយមាំមួន ក្នុងការត្រៀមតាមទទួលបទបញ្ជា និងភារៈកិច្ចក្នុងកិច្ចការពារ
បូរណៈភាពទឹកដី ។
ទើបកំលាំងកងយោធពលខេមរៈភូមិន្ទ វរៈសេនាតូចលេខ២ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកការហ្វឹកហ្វឺនអស់រយះពេល ៤៥ថ្ងៃ និង២ថ្ងៃ១យប់ សម្រាប់ការចុះ យុទ្ធដំណើរជាក់ស្តែងនៅក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាល្ល័ង្គ និងត្រូវបានប្រារព្វពិធីបិទវគ្គហ្វឹក នៅថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៤ ក្រោមក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជការយោធភូមិ ភាទី៤ ព្រមទាំងលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ ស្នងការខេត្ត ចូលរួមផងដែរ ស្ថិតនៅភូមិ តាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ ។
លោ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានថ្នាក់ដឹកនាំដែលបានមកចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះ លោក សោម ស៊ុន បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនរបស់អង្គភាពវរៈសេនាតូចលេខ១ គឺជាវគ្គប្រចាំឆ្នាំតាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីបង្វឹកបន្ថែម ដល់កងកម្លាំងឲ្យមានភាពស្វាហាប់ និងមិនស្ពឹកស្រពន់ រហ័សរហួនលើផ្នែកយុទ្ធវិធី សណ្តាប់ធ្នាប់ និងទទួលការចេះដឹងបន្ថែម ពីសភាពការណ៍សកលលោក ក៏ដូចជាការពង្រឹងនូវចំណេះដឹងទូទៅនានាលើកស្ទួយកម្រិតជំនាញ ក្នុងការពង្រឹងសមត្ថភាពនិងតួនាទីជាកងទ័ព។
លោក សោម ស៊ុន ក្នុងនាមថ្នាក់ដឹកនាំតំបន់សឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន ព្រមទាំងលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងសម្បុរសជននានា ដែលបាន បង្ករលក្ខណៈងាយស្រួលដល់ការហ្វឹកហ្វឺននេះ ឲ្យដំណើរការប្រកបដោយជោគជ័យ ដោយឡែកលោក បាន សំណូមពរឲ្យថ្នាក់ដឹកនាំ និងសម្បុរជន ជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីសាងសង់អាគាសាលប្រជុំដែលមានបណ្តោយ ៨.៥មគុណ១៨ម ខណៈនេះបានចាក់ក្រវ៉ាត់ជុំវិញនិងចាក់សសរឡើងបាន២២ដើមហើយ តែអង្គភាពមានការខ្វះខាតថវិកាសាងសង់បន្ថែម អាគារសាលប្រជុំនេះ ការសាងសង់នេះ ក្នុងគោលបំណង ឲ្យក្លាយ ទៅជាសាលប្រជុំ និងជាទីកន្លែងសិក្សារៀនសូត្រ ដោយសារតែកន្លងមក ពលទាហាន និងនាយទាហាន រៀនសូត្រតែនៅក្រោមដើមឈើទេ ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានមតិសំណេះសំណាល និងផ្តាំផ្ញើរដល់សិក្ខាមទាំងអស់ ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននាថ្ងៃនេះ ឲ្យប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត ដើម្បីឲ្យក្លាយជាកងកម្លាំង ដែលមានគុណភាព មានវិន័យនិងសេចក្តីថ្លៃថ្នូរ ផ្សារភ្ជាប់ជាចំណងមិត្តភាព និងសូមកោតសសើរចំពោះកិច្ចសហការជាមួយអាជ្ញាធរដែនដីចូលរួមក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ចូលរួមជួយជនរងគ្រោះ ក្នុងគ្រាមានគ្រោះមហន្តរាយ នៃឳកាសនោះ លោក អ៊ុត សំអន បានឧបត្ថម ថវិការ ៣លានរៀល និងក្រម៉ា ១២០ ជូនដល់អង្គភាពវរៈសេនាតូចលេខ១។
លោក ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ ចំពោះស្មារតីខិតខំយកចិត្តទុកដាក់និងមានការច្នៃប្រឌិត សហការល្អជាមួយអាជ្ញាធរ មន្ត្រីរាជការជុំវិញខេត្ត ជាពិសេស លោក អភិបាលខេត្តដែលតែងតែមានការគិតគូរណាស់ ដល់ការបង្ហាត់និងការរស់នៅរបស់យោធាខេត្ត ព្រោះនេះជាកំលាំងឆ្អឹងខ្នងរបស់ខេត្ត ហើយលោកអភិបាលខេត្តជា មេបញ្ជាការឯកភាពរបស់ខេត្ត ដោយកំលាំងនេះជាសេនាធិការឲ្យអភិបាលខេត្ត ជាពិសេសតំបន់សឹករងកំពង់ធំ ធ្លាប់មានស្នារដៃ និងគុណសម្បត្តិធំធេងណាស់ក្នុងការចូលរួមបញ្ជប់សង្គ្រាម លោក ជា ម៉ន បានឧបត្ថម្ភស៊ីម៉ងត៍ ចំនួន ១០តោន សម្រាប់ជួយសាងសង់អាគាសាលប្រជុំ ។