កំពង់ធំ ៖ ប្រជាកសិករ ដែលមានមុខរបរ ធ្វើស្រែប្រាំងក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងតែមានការព្រួយបារម្ភណ៍ យ៉ាងខ្លាំង បើទោះបីសុំអន្តរាគមន៍ ពីសំណាក់មេភូមិ មេឃុំ រហូតដល់មេស្រុក តែហាក់បីដូច ជាមានការយឺតយ៉ាវ ក្នុងការចុះជួយអន្តរាគមន៍ ជួយស្តាប្រឡាយទឹកបញ្ជូលស្រែប្រាំង មិនតែប៉ុណ្ណោះបណ្តាលឲ្យស្រែរបស់ពួកគាត់ រីងស្ងួតហួតហែង ដីប្រេះក្រហែង ដើមស្រូវក្នុងស្រែងាប់ជាបន្តបន្ទាប់។
តាមសេចក្តីរាយកាណ៍ បានឲ្យដឹងថា លោក ម៉េត រ៉ាមី និងលោក សឿន សុខុម តំណាងប្រជាពលរដ្ឋ ដែលខ្វះខាតទឹកទាំង ១៥គ្រួសារ មានផ្ទៃដីបង្កបង្កើនផលចំនួន១០០ហិចតា កំពុងតែប្រឈមនឹងខ្វះខាតទឹក ហើយស្រូវយ៉ាងដំណំ កន្លងមកធ្លាប់ស្នើរសុំគ្រឿងចក្រដើម្បីស្ដារប្រឡាយសង្រ្គោះស្រូវ ដែលបានសុំឲ្យមេឃុំឃុំបារាយណ៍ ដែលជាអាជ្ញាធរ នឹងជាម៉ែជាឳ តែហាក់បីដូចគ្នាគ្មានប្រសិទ្ធភាព បាត់ដំណឹងឈឹងដូចចោរលួចសេះ ដោយគ្មានដំណោះស្រាយ ។
ក្នុងនោះប្រជាពលរដ្ឋ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការពឹងពាក់លោកមេឃុំ និងអាជ្ញាធរស្រុក ក្នុងការជួយអន្តរាគមន៍ សុំគ្រឿងចក្រស្តាប្រឡាយ ដើម្បីនាំទឹកបង្ហូរចូលស្រែ របស់ពួកគាត់ ដែលមិនអាចរង ចាំបានទេ ដោយសារតែស្រូវចាប់ផ្តើមងាប់ជាបន្តបន្ទាប់ ចំនួន១០០ហិចតាស្ថិតនៅតំបន់ខាងត្បូងអតីតក្រុមង៉ិនវុធក្នុងភូមិសាស្រ្ត ភូមិ ចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ខែកុម្ភះ ឆ្នាំ២០១៩នេះថា ក្រុមការងារស្រុកបារាយណ៍ បានចុះទៅដល់កន្លែងស្រូវប្រាំងនោះហើយ បន្ទាប់ពីមានការស្នើរសុំ ហើយខណៈនេះ កំពុងរៀបចំដាក់គ្រឿងចក្រដើម្បីស្ដារប្រឡាយរំដោះទឹកចែកជូនពលរដ្ន ដែលកំពុងតែខ្វះខាតទឹក ធ្វើស្រែប្រាំង ៕ ដោយ ប៊ុន រដ្ឋា




































