សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ រៀបចំពិធីកម្មវិធីយល់ដឹងអំពីពុទ្ធសាសនា ក្រោមប្រធានបទ (ក្តីស្រឡាញ់របស់យុវជន សម្រាប់យើងទាំងអស់គ្នា)

0

ក្រចេះ៖  នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ បានរៀបចំពិធីកម្មវិធីយល់ដឹងអំពីពុទ្ធសាសនា និងអបអរសាទរទិវាថ្ងៃនៃក្តីស្រលាញ់ ថ្ងៃ១៤ កុម្ភៈ នៅវិទ្យាល័យសិលាវេទីគាតឈន់ ក្រោមប្រធានបទ “ក្តីស្រឡាញ់របស់យុវជន សម្រាប់យើងទាំងអស់គ្នា” ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីទិវានេះទៅដល់សិស្សានុ សិស្ស និងយុវវ័យឲ្យយល់ ពីអត្ថន័យទិវានៃក្តីស្រលាញ់ឲ្យកាន់តែច្បាស់ ព្រោះតែកន្លងមកស្រទាប់យុវវ័យមួយចំនួន មានការយល់ច្រឡំបង្កឲ្យមានការប៉ះពាល់ដល់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ។

ឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលខេត្តស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានថ្លែងថា កម្មវិធីនៅថ្ងៃនេះជាការធ្វើឡើង ដើម្បីទប់ស្កាត និងអប់រំផ្សព្វផ្សាយមិនត្រឹមតែសិស្សក្នុងវិទ្យាល័យសិលាវេទីគាតឈន់នោះទេ គឺចង់ឲ្យយុវវ័យភាគច្រើនដែលយល់ច្រឡំ ថាថ្ងៃ១៤ កុម្ភៈដែលជា “ទិវាថ្ងៃនៃ ក្តីស្រលាញ់” នោះ គឺជា “ថ្ងៃបុណ្យសង្សា” ដែលភាគច្រើនគូសង្សារតែងតែទិញផ្កាកុលាប ឬក៏វត្ថុអនុស្សាវរីយ ជូនទៅសង្សារនៅថ្ងៃនោះ ហើយនៅក្នុងនោះក៏មានសិស្សានុសិស្សមួយចំនួនថែមទាំងនាំគ្នាភ្លើតភ្លើនខ្លួនទន់ទោរ តាមការអូសទាញលួងលោមពីសង្សារនាំឲ្យខូចខ្លួនប្រាណបាត់បង់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ និងធ្វើ ឲ្យអាប់ឱនដល់ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ។ មួយវិញទៀតចង់ផ្សព្វផ្សាយឲ្យទូលំទូលាយជាសាធារណៈឲ្យយល់ពីទិវានៃក្តីស្រលាញ់ក្នុងបំណងចូលរួមលើកកម្ពស់យល់ដឹងមិន មែនជាថ្ងៃលះបង់ខ្លួនប្រាណឡើយ ។ ឯកឧត្តមបានបន្តថា “ម្យ៉ាងទៀតពិធីបុណ្យទិវា នៃក្តីស្រលាញ់នេះរាជរដ្ឋាភិបាលយើង ក៏មិនបានទទួលស្គាល់ថា ជាបុណ្យជាតិដែរហើយរដ្ឋសភាក៏មិនទាន់អនុម័តឲ្យប្រជាពលរដ្ឋគោរពជាផ្លូវការទេហើយ ខ្ញុំសង្ឃឹមថាក្រោយពីកម្មវិធីនេះចប់ យុវជននឹងមានការយល់ដឹងច្បាស់ពីអត្ថន័យនេះបន្ថែមទៀត”។

ពិធីនោះក៏បាននិមន្តព្រះសង្ឃមកពីរាជធានីភ្នំពេញ មកមានសង្ឃដីកាអប់រំចិត្ត ទៅដល់សិស្សានុសិស្សថា “ថ្ងៃ១៤ កុម្ភៈ កូនប្រុសស្រី គួរណាស់តែយកថ្ងៃនេះ បង្ហាញក្តីស្រលាញ់ទៅដល់ ឪពុកម្តាយដោយជូនគាត់ទៅ វត្តធ្វើបុណ្យទាន។ ដូច្នេះយុវជនត្រូវចាំថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កុំថ្កើង បើសិនជាយើងទទួលវប្បធម៌បរទេសខ្លាំងពេក ក៏មិនកើតដែរ តែដែលសំខាន់គឺយើងច្នៃប្រឌិតមកពីការភ្លើតភ្លើនមកជា សមរម្យទៅតាមប្រពៃណីខ្មែរវិញទើបល្អ”។

លោក ជុត ចាន់ណាក់ នាយកវិទ្យាល័យសិលាវេទីគាតឈន់ បានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ និងលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ដែលបានរៀបចំកម្មវិធីយល់ដឹងអំពីពុទ្ធសាសនាស្ដីពី “ក្តីស្រឡាញ់របស់យុវជន សម្រាប់យើងទាំងអស់គ្នា”នេះឡើងហើយក្តីស្រលាញ់នេះ យើងមានជាយូរមកហើយដោយមានការស្រលាញ់ឪពុកម្តាយក្រុមគ្រួសារមិត្តភក្តិជាដើម។ មិនមែនទើបតែមានទេទើបតែពេលនេះវប្បធម៌ខាងអឺរ៉ុបបានយកថ្ងៃ១៤ កុម្ភៈនេះ ជាទិវាបុណ្យសង្សារធ្វើឲ្យយុវជន យើង មានការយល់ច្រឡំដូច្នេះបានជាយើងត្រូវរៀបចំកម្មវិធីនេះឡើងដើម្បីឲ្យសិស្សានុសិស្សមានការយល់ដឹងឲ្យ កាន់តែច្បាស់ ហើយលោកក៏ចង់ឲ្យមានកម្មវិធីអប់រំបែបនេះជារៀងរាល់ឆ្នាំទៅដល់យុវវ័យផងដែរ។

លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ក៏បានថ្លែងនិងផ្តោតសំខាន់ គឺចង់ឲ្យយុវវ័យ និងសិស្សដែលចូលរួមក្នុងកម្មវិធីនេះ ចូលរួមជួយផ្សព្វផ្សាយ ពីអត្ថន័យមួយនេះ ទៅដល់មិត្តភក្តិ សិស្សានុសិស្សដូចគ្នា កុំឲ្យមានការភ្លើតភ្លើនភ្លេចខ្លួន និងងាកទៅយកទិវា ១៤ កុម្ភៈនេះ ទៅសម្តែងការ ដឹងគុណ ចំពោះឪពុកម្តាយ ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូវិញ ទើបល្អ៕ដោយ ប៊ុន មនោ