សាលាដំបូងចុះអនុវត្តដីការក្សាការពារលើដីទំនាស់រុះរើផ្ទះចាំដីនិងតម្រូវអោយអ្នកចាំដីទាំងនោះចាកចេញ

0

 ព្រះស៊ីហនុៈ មន្ត្រីអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានចុះអនុវត្តដីការសម្រេចការពារលេខ.៩៣តរ/១៩ ចុះថ្ងៃទី១៦ខែមករា ឆ្នាំ២០១៩របស់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីសម្រេចចាត់ចែងអោយមានការរុះរើផ្ទះចាំដី និងតម្រូវអោយអ្នកចាំដីទាំងនោះចាកចេញពីដីម្ចាស់បណុល ព្រមទាំងប្រគល់ដីជូមម្ចាស់បំណុលវិញជាបណ្តោះអាសន្នរងចាំតុលាការសម្រេចក្តីស្ថាពរព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩ ។

ទីតាំងដីទំនាស់មានទំហំនេះជាង៨០ហិចតា ស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងភមិសាស្ត្រ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មានម្ចាស់បំណុល៖ ១.ឈ្មោះ ម៉ុក ប៉ូ ប៉ុនរិទ្ធិ ២. ឆាយ ណយ ៣. ហូ សារេត មានលំនៅនៅភ្នំពេញទាំងអស់គ្នា និងមានកូនបំណុល ឈ្មោះ លី សុងីម។

បើតាម លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ដីការរក្សាការពារនេះត្រូវតែអនុវត្ត ដោយតម្រូវអោយសហកូនបំណុលប្រគល់ការកាន់កាប់ដី រុះរើសំណង់អានាធិបត្តេយ្យ និងចាកចេញពីលើដីកម្មសិទ្ធរបស់ម្ចាស់បំណុលមានទីតាំងនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន៣៦បណ្ណ័ ជាបណ្តោះអាសន្នរងចាំតុលាការសម្រេចសំណុំរឿងអង្គសេចក្តីចប់ជាស្ថាពរ។ដីការសម្រេចនេះមានអានុភាពអនុវត្តភ្លាមទោះជាមានបណ្តឹងតវ៉ាក៏ដោយ។

បើតាម លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ករណីនេះ លោកបានណែនាំក្រុមពលរដ្ឋទាំង៦គ្រួសារនេះរួចហើយ ដីការក៏ត្រូវបានបិទដល់ផ្ទះរួចហើយដែរដើម្បីអោយពលរដ្ឋដែលត្រូវបានគេជួលអោយមកចាំដីនៅទីនេះបានដឹងនិងសហការ។
លោក ផៃ ប៊ុនវណ្ណៈ ក៏បានរំលឹកដល់ក្រុមកំលាំងដែលត្រូវរុះរើនេះត្រូវធ្វើយ៉ាងយកឥវ៉ានពួកគាត់ចេញនិងធ្វើអោយបានសមរម្យ។

គួរបញ្ជាក់ថា ក្នុងការអនុវត្តដីការនេះបានដំណើរការដោយរលូនពុំមានការរារាំងឬជំទាស់តវ៉ាណាមួយពីភាគីទំនាស់ឬក្រុមប្រជាជនដែលត្រូវបានគេជួលអោយស្នាក់នៅចាំដីលើទីតាំងដីទំនាស់នោះទេ។ក្រុមពលរដ្ឋចាំដីអោយ លោកស្រី លី សុងីម យល់ព្រមរើឥវ៉ាន់ចេញដោយស្មគ្រ័ចិត្តរៀងៗខ្លួន។
យោងតាមការបញ្ជាក់ពីមន្រ្តីជំនាញអោយដឹងថា ខ្ទមឬផ្ទះចាំដីចំនួន៩ខ្នងត្រូវបានរុះរើចេញក្នុងនោះផ្ទះតូចៗចំនួន០៦ខ្នងមានមនុស្សរស់នៅចំណែកខ្ទមចំនួន០៣ខ្នងទៀតត្រូវគេសង់ចោលមិនមានមនុស្សរស់នៅឡើយ៕(ដោយ សាវ៉ុន)