ល្បីថាឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ ស៊ាម គឹមទឹម មានខ្នងបង្អែកឈ្មោះលោក ណៃ តឹងឡឹង មេបញ្ជាការយោធាខេត្តក្រចេះក្នុងការដឹកជញ្ជូនឈើខុសច្បាប់

0

ខេត្តក្រចេះ = ពលរដ្នធ្វើសេចក្ដីរាយការណ៍មកថា បច្ចុប្បន្នឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ ស៊ាម គឹមទឹមបន្តសកម្មភាពដឹកជញ្ជូនឈើនៅពេលយប់ពី ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះយកទៅចែកចាយតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្ត ត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
ប្រភពបានឲ្យដឹងថា សូម្បីតែលោក សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដែលធ្លាប់បង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ក៏មិនហ៊ានប៉ះពាល់មេឈ្មួញ ស៊ាម គឹមទឹមនេះដែរ ហើយបច្ចុប្បន្នឈ្មួញនេះមានឃ្លាំងស្តុកឈើប្រភេទលេខ២ ដ៏ធំមួយកន្លែងក្នុងភូមិស្រែស្បូវហើយបន្តដឹកជញ្ជូនឈើឆ្លងកាត់ក្រុងក្រចេះចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។
ប្រជាពលរដ្ឋបានលើកឡើងថាមេឈ្មួញនេះ មានការឃុបឃិតបើកដៃពីសំណាក់លោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកសំបូរខេត្តក្រចេះ ទើបមិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។
ពាក់ព័ន្ធនិងការរឹះគន់របស់ប្រជាពលរដ្នយើងមិនអាចសុំការបំភ្លឺពីលោក ណៃ តឹងឡឹង មេបញ្ជាការយោធាខេត្តក្រចេះបានទេដោយគ្មានលេខទូស័ព្ទ តែយើងនិងព្យាយាម សុំការបំភ្លឺពីលោក៕