កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមព្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ប្រកាសលទ្ធផល និងផ្តល់រង្វាន់តាមចំណាត់ថ្នាក់ នៃការអនុវត្តចលនាប្រឡង ប្រណាំងឃុំ សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តកំពង់ចាម ដែលពិធីនេះត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
លោកហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការវាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើសេវាល្អ បានថ្លែងថា ឆ្លងតាមរយៈការផ្តល់សេវាសាធារណៈដោយមានការប្រឡងប្រណាំង បានជម្រុញដល់មន្ត្រីពាក់ពន្ធ័ ខិតខំធ្វើការបម្រើប្រជាពលរដ្ឋ មិនរើសពេលវេលា និងទីកន្លែង ពោលគឺត្រូវបម្រើប្រជាពលរដ្ឋដល់ខ្នងផ្ទះតែម្ដង។ ដោយការអនុវត្តគោលនយោបាយបម្រើសេវាល្អនេះ គឺមាន៧ប្រភេទ ក្នុងនោះមានដូចជាការធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព បញ្ជីស្នាក់នៅ( ក១ )
សៀវភៅស្នាក់នៅ( ក២ ) បញ្ជីគ្រួសារ( ក៣ ) សៀវភៅគ្រួសារ( ក៤ ) កិច្ចការទាំងនេះតម្រូវឲ្យមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្តការងារផ្តល់សេវាទាំង៧មុខខាងលើជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដល់ទីកន្លែងស្របតាមលិខិតបទដ្ឋានគតិយុត្ត និងខ្លឹមសារណែនាំនានា។ ហើយឃុំ សង្កាត់ដែលបម្រើសេវាល្អត្រូវបានដាក់ពិន្ទុតាមរយៈ
ចំនួនចុចLIKE នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយឃុំព្រែកក្របៅ ស្រុកកងមាស ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន១០លានរៀល ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ចំណាត់ថ្នាក់លេខ២ ទទួលបាន៦លានរៀល និងឃុំសូរគង ស្រុកកងមាស ចំណាត់ថ្នាក់លេខ៣ ទទួលបាន៤លានរៀល ដោយឡែកឃុំ សង្កាត់ជាប់ចំណាត់ថ្នាក់កិត្តិយស ពីលេខ៤ ដល់លេខ១០ ទទួលបានថវិកាចំនួន២ លានរៀល ក្នុងមួយឃុំ សង្កាត់ផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានកោតសសេីរ និងអរគុណយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលមូលដ្ឋានដែលមាន មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ ដែលបានបម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ រោងបុណ្យ រោងការ ដោយយកចិត្តទុកដាក់ មិនខ្លាចការនឿយហត់ និងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ព្រមទាំងបានជម្រុញឲ្យមេឃុំ ចៅសង្កាត់ ទាំងអស់ត្រូវយកចិត្តបន្ថែមទៀត ក្នុងការផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ 
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវជួយធ្វើការផ្សព្វផ្សាយ សូមឲ្យប្រជាពលរដ្ឋ កុំបន្តធ្វើការសាបព្រោះស្រូវប្រាំជាលើកទី២ ព្រោះគ្រោះរាំងស្ងួតនឹងកេីតមានឡើងក្នុងកំឡុងខែមេសានិងឧសភា ខាងមុខនេះ ដែលនឹងមិនមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ធ្វើការស្រោចស្រពដំណាំកសិផលនោះទេ ថែមទាំងអាចខ្វះខាតទឹក ហេីយប៉ះពាល់ដល់សត្វចិញ្ចឹម និងសត្វព្រៃទៀតផង។ ហើយ ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រុញមន្ត្រីតាមមូលដ្ឋានធ្វេីការប្រឡងប្រណាំងលេីផ្នែកអនាម័យ ដេីម្បីកាត់បន្ថយការបន្ទោរបង់ពាលវាលពាលកាល បន្តទៀត និងលេីកស្ទួយអនាម័យជនបទផងដែរ៕





































